ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបន្តអញ្ជើញចុះពិនិត្យការគ្រប់គ្រង និងផ្តល់សេវាសុខភាពសាធារណៈ នៅមន្ទីរពេទ្យខេត្តប៉ៃលិន
ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០២៤
ខេត្តប៉ៃលិន៖ នាព្រឹកថ្ងៃអាទិត្យ ១៤កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំប្រតិភូជាន់ខ្ពស់ និងក្រុមការងារបច្ចេកទេសក្រសួងសុខាភិបាល ចុះអញ្ជើញចុះពិនិត្យការផ្តល់សេវាសុខភាពសាធារណៈនៅមន្ទីរពេទ្យខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពី លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ឯកឧត្តមប្រធានមន្ទីរសុខាភិបាល និងសហការី នៃរដ្ឋបាលខេត្តប៉ៃលិន។
ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រតិភូ បានចុះពិនិត្យទីតាំងផ្តល់សេវាសំខាន់ៗ មានផ្នែកសង្គ្រោះបន្ទាន់ ផ្នែកព្យាបាលទូទៅ ផ្នែកវះកាត់ ផ្នែកសម្ភព និងបានពិនិត្យទៅលើផ្នែកពាក់ព័ន្ធនានានៃការបម្រើសេវាសុខាភិបាលនៅមន្ទីរពេទ្យខេត្តប៉ៃលិន។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងអំណរគុណ ចំពោះទឹកចិត្តទំនុកចិត្តបងប្អូនអ្នកជំងឺ និងក្រុមគ្រួសារ ដែលអញ្ជើញមកទទួលសេវាសុខាភិបាលសាធារណៈនៅមន្ទីរពេទ្យ។
បន្ថែមពីនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យឱ្យខិតខំសហការគ្នា សាមគ្គីគ្នា ពង្រីកសេវាបន្ថែម និងផ្តោតជាអាទិភាពការបណ្តុះបណ្តាលធនធានមនុស្ស បង្កើនសមត្ថភាពភាពជាអ្នកដឹកនាំ នវានុវត្តន៍ ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងក្នុងទូទាំងខេត្ត។