ខេត្តបាត់ដំបង៖ ថ្ងៃទី២៨ ដល់២៩ ខែកក្កដា ឆ្នាំ២០២៤ ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដឹកនាំដោយ ឯកឧត្តមទន្តបណ្ឌិត អឿន បូរារ័ត្នន៍ រដ្ឋលេខាធិការក្រសួងសុខាភិបាល ដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការងារលើកកម្ពស់ការផ្តល់សេវាសុខភាពមាត់-ធ្មេញ នៅមន្ទីរពេទ្យបង្អែកមោងឬស្សី និងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង។
ក្រោយពីការចុះពិនិត្យជាក់ស្តែងលើស្ថានភាពទូទៅក្នុងផ្នែកព្យាបាលមាត់-ធ្មេញ រប់ស់មន្ទីរពេទ្យ ឯកឧត្តមរដ្ឋលេខាធិការក៏បានឆ្លៀតឱកាសសំណេះសំណាលសាកសួរសុខទុក្ខ ដល់ថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ត្រីផ្នែកសុខភាពមាត់-ធ្មេញ និងប្រជុំពិភាក្សាបូកសរុបលទ្ធផលជាមួយ ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ប្រធានក្រុមប្រឹក្សាគណៈទន្តពេទ្យខេត្ត ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្ត មន្ត្រីបង្គោលសុខភាពមាត់-ធ្មេញ ព្រមទាំងមន្រ្តីសុខាភិបាលពាក់ព័ន្ធ ហើយក៏បានផ្តល់ជាអនុសាសន៍គន្លឹះមួយចំនួន ដូចខាងក្រោម៖
១) រៀបចំផែនការអភិវឌ្ឍន៍ការងារផ្តល់សេវា រួមមានផែនការ រៀបចំកែលម្អផ្នែកសុខភាពមាត់-ធ្មេញ រៀបចំរចនាសម្ព័ន្ធបុគ្គលិក និងរៀបចំស្នើសុំឧបករណ៍ សម្ភារៈ បរិក្ខារ និងឱសថសារវន្ដ ដែលមានតម្រូវការចាំបាច់ជាអាទិភាព។
២) រៀបចំផែនការអភិវឌ្ឍន៍ការងារអប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយ តាមមូលដ្ឋានសុខាភិបាលសាធារណៈ សាលារៀន និងសហគមន៍ផ្សេងៗ ដើម្បីបញ្រ្ជាបការយល់ដឹងពីបញ្ហាប្រឈមនឹងជំងឺមាត់-ធ្មេញ។
៣) ពង្រឹងការងារកត់ត្រាទិន្នន័យអ្នកជំងឺ និងបញ្ចូលទៅក្នុងប្រព័ន្ធព័ត៌មានសុខាភិបាល ឱ្យបានត្រឹមត្រូវ។
៤) ពង្រឹងការចុះពិនិត្យឱ្យបានហ្មត់ចត់ នៅតាមទីតាំងផ្តល់សេវាពិគ្រោះព្យាបាល និងថែទាំជំងឺមាត់-ធ្មេញ ដើម្បីធានាសុវត្ថិភាពខ្ពស់ជូនអ្នកជំងឺ។
៥) សូមឱ្យគណៈទន្តពេទ្យ និងគណៈគិលានុបដ្ឋាក ពិនិត្យ និងវាយតម្លៃជាប្រចាំ លើការបណ្ដុះបណ្ដាលបន្ត របស់អ្នកប្រកបវិជ្ជាជីវៈរបស់ខ្លួន ដើម្បីធានាបានការផ្តល់សេវាជូនអ្នកជំងឺ ប្រកបដោយគុណភាព និងប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដល់មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ព្រមទាំងថ្លែងអំណរគុណ និងកោតសរសើរខ្ពស់ ដល់ថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ត្រីសុខាភិបាលក្រោមឱវាទទាំងអស់ ដែលបានខិតខំប្រឹងប្រែងលះបង់ទាំងកម្លាំងកាយចិត្ត បំពេញការងារកន្លងមក ពិសេសដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តផ្ទាល់ ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួមជំរុញគាំទ្រសកម្មភាពលើកកម្ពស់សុខភាពមាត់-ធ្មេញ និងបន្តអនុវត្តសកម្មភាពនេះ បម្រើជូនប្រជាជន ឱ្យកាន់តែប្រសើរឡើងថែមទៀត។
គួរបញ្ជាក់ផងដែរថា បេសកកម្មខាងលើ មានការចូលរួមអបដំណើរដោយ លោកអនុបណ្ឌិត អ៊ុន សាន អនុប្រធាននាយកដ្ឋានការពារសុខភាព លោកវេជ្ជបណ្ឌិត ចាន់ ដាវឹង អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង មន្ត្រីជំនាញការិយាល័យសុខភាពមាត់-ធ្មេញ នៃនាយកដ្ឋានការពារផងដែរ៕