Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
ការចុះពិនិត្យស្ថានភាព នៃមណ្ឌលសុខភាព និង ប៉ុស្តិ៍សុខភាពចំនួន១២ នៃស្រុកប្រតិបត្តិស្រីសន្ធរ និងស្រុកកងមាស ក្នុងខេត្តកំពង់ចាម
ថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០២៤

ខេត្តកំពង់ចាម៖ ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាលព្រមទាំងទទួលបានការចង្អុលបង្ហាញពីលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន និងមានការចូលរួមពីឯកឧត្តម នាង ភារិទ្ធ រដ្ឋលេខាធិការក្រសួងសុខាភិបាល ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ម៉ុក ធាវី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះទៅពិនិត្យស្ថានភាព នៃមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពចំនួន១២ នៃស្រុកប្រតិបត្តិស្រីសន្ធរ និងស្រុកកងមាស ក្នុងខេត្តកំពង់ចាម។

ការចុះត្រួតពិនិត្យនេះ ធ្វើឡើងដើម្បីជួយគាំទ្រ ជំរុញលើកទឹកចិត្ត និងពង្រឹងមណ្ឌលសុខភាពក្នុងការផ្តល់សេវាថែទាំ និងព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសមធម៌ដោយផ្តោតសំខាន់លើចំណុចដូចខាងក្រោម៖                                                                                                   
១-ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលដោយកែលម្អអគារ និងស្ថានភាពបរិស្ថានជុំវិញមណ្ឌលសុខភាព 
២- ធនធានមនុស្សវិស័យសុខាភិបាលដោយពង្រឹងសមត្ថភាពបុគ្គលិក និងការគ្រប់គ្រងធនធានមនុស្ស 
៣-ការគ្រប់គ្រងការចែកចាយឱសថ និងវ៉ាក់សាំងរួមទាំងការបំពាក់សម្ភារៈបរិក្ខារពេទ្យបនែ្ថម និងការគ្រប់គ្រងឱសថ
៤-លទ្ធភាពគ្រប់គ្រងក្នុងការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋ                
៥-ការបំពេញការងារប្រចាំការ និងបម្រើសេវា២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សបា្តហ៍
៦-ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺពិសេសមធ្យោបាយសេវាបញ្ជូន និងប្រព័ន្ធទំនាក់ទំនង
៧ -ការបដិសណ្ឋារកិច្ចក្នុងការផ្តល់សេវាថែទាំដល់អ្នកជំងឺ                                                                                                                                     
៨-រៀបចំផែនការសកម្មភាព ដោយពិនិត្យទៅលើវឌ្ឍនភាពការងារ                                                                                                                             
៩- ជំរុញលើកកម្ពស់លើកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធានាបានសន្តិសុខសុវត្ថិភាព                         
១០-ការបណ្តុះបណ្តាលបន្ថែមលើបច្ចេកទេស និងប្រព័ន្ធឌីជីថល ។

បន្ថែមពីនេះទៀត ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានសំណូមពរដល់ក្រុមប្រឹក្សាឃុំ ជួយជំរុញពីការពង្រីកវិសាលភាព របបសន្តិសុខសង្គមផ្នែកហានិភ័យការងារជូនប្រជាពលរដ្ឋបានគ្រប់ៗគ្នា សម្រួលក្នុងការមកទទួលសេវាថែទាំសុខភាព និងសូមគាំទ្រដល់វិស័យសុខាភិបាល ក្នុងការអនុវត្តសកម្មភាពឱ្យបានស្របតាមគោលនយោបាយជាអាទិភាព និងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

ជាចុងក្រោយឯកឧត្តមក៏បានពាំនាំនូវការផ្តាំផើ្ញសួរសុខទុក្ខពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថែ្លងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាល ជំងឺជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។                                                      

ការចុះត្រួតពិនិត្យនេះមានការសម្របសម្រួលពីឯកឧត្តម គឹម សួរភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្ត កំពង់ចាម និងការចូលរួមដំណើរដោយ លោកឱសថការី ប៊ី បូរ៉ាឌី ប្រធានការិយាល័យនិយ័តកម្ម លោកបណ្ឌិត ហេង គឹមអ៊ាន ប្រធានការិយាល័យរដ្ឋបាលសុខាភិបាលស្រុកប្រតិបត្តិស្រីសន្ធរ លោក សាយ វង្សាអនុប្រធានការិយាល័យរដ្ឋបាលសុខាភិបាលស្រុកកងមាស មេឃុំ ក្រុមប្រឹក្សា ឃុំ និងមន្ត្រីអមដំណើរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10

ប្រភេទព្រឹត្តិការណ៍