ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជួបសំណេះសំណាលជាមួយគណៈវិជ្ជាជីវៈសុខាភិបាលទាំងប្រាំ រួមមានគណៈគ្រូពេទ្យ គណៈទន្តពេទ្យ គណៈឆ្មប គណៈគិលានុបដ្ឋាក និងគណៈឱសថការី

រាជធានីភ្នំពេញ៖ រសៀលថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជួបសំណេះសំណាលជាមួយគណៈវិជ្ជាជីវៈសុខាភិបាលទាំងប្រាំ រួមមានគណៈគ្រូពេទ្យ គណៈទន្តពេទ្យ គណៈឆ្មប គណៈគិលានុបដ្ឋាក និងគណៈឱសថការី។

ពិធីសំណេះសំណាលនេះត្រូវបានរៀបចំនៅទីស្តីការក្រសួងសុខាភិបាល និងតាមប្រព័ន្ធ ZOOM ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ និងមន្រ្តីនៃគណៈវិជ្ជាជីវៈសុខាភិបាលទាំងប្រាំ សរុបចំនួន ១.០០៧រូប ក្នុងនោះចូលរួមដោយផ្ទាល់ចំនួន ១០៥ រូប ក្នុងគោលបំណង៖ ១) ស្វែងយល់ពីសមិទ្ធផលបញ្ហាប្រឈម និងសំណូមពររបស់គណៈវិជ្ជាជីវៈសុខាភិបាល និង ២) ពិភាក្សារកវិធីសាស្រ្តដើម្បីលើកកម្ពស់ និងធានាស្តង់ដាគុណភាពរបស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ក្នុងការប្រតិបត្តិឱ្យបានត្រឹមត្រូវទាំងបច្ចេកទេសវិជ្ជាជីវៈ ក្រមសីលធម៌វិជ្ជាជីវៈ និងសម្បទាវិជ្ជាជីវៈ ក្នុងការផ្តល់សេវាសុខាភិបាលដែលមានសុវត្ថិភាពដល់អ្នកជំងឺ ឬអតិថិជន។

បន្ទាប់ពីទទួលជ្រាបនូវរបាយការណ៍សង្ខេប និងសំណូមពររបស់គណៈវិជ្ជាជីវៈសុខាភិបាលទាំងប្រាំរួចមក ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់នូវដំណោះស្រាយចំពោះបញ្ហាប្រឈមទាំងនោះ និងផ្តល់នូវអនុសាសន៍ជាគន្លឹះសំខាន់ៗ ដើម្បីការបម្រើសេវាសុខាភិបាលកាន់តែមានប្រសិទ្ធភាពថែមទៀតជូនដល់ប្រជាពលរដ្ឋ ដែលផ្តោតសំខាន់លើ៖
១) ពង្រឹងកិច្ចសហប្រតិបត្តិការរវាងគណៈវិជ្ជាជីវៈសុខាភិបាលទាំងអស់ ក៏ដូចជា ជាមួយភាគីពាក់ព័ន្ធនានា និងគ្រប់កម្រិតទាំងថ្នាក់ជាតិ រាជធានី ខេត្ត និងថ្នាក់មូលដ្ឋាន (មន្ទីរពេទ្យ និងមណ្ឌលសុខភាព) ទាំងរដ្ឋ និងឯកជន។
២) ពង្រឹងតួនាទី និងភារកិច្ចដើម្បីធានាបាននូវក្រមសីលធម៌ វិន័យ និងវិធីសាស្រ្តក្នុងការបំពេញការងារ
៣) ចូលរួមពង្រឹងការអនុវត្តច្បាប់ និងបទបញ្ញតិនានា ទាំងផ្នែកសាធារណៈ និងឯកជន ដើម្បីធានាគុណភាព និងសុវត្ថិភាពសេវា
៤) ពង្រឹងសមត្ថភាពទាំងស្ថាប័ន វិជ្ជាជីវៈទាំងមុនពេលបម្រើការងារ និងពេលកំពុងបម្រើការងារ
៥) ក្នុងការបំពេញភារកិច្ចត្រូវប្រកាន់ខ្ជាប់នូវស្មារតី យុត្តិធម៌ ក្រមសីលធម៌ ព័ត៌មាន បច្ចេកវិទ្យា និងសមាហរណកម្ម។

photo_2024-02-16_20-19-32 (2) photo_2024-02-16_20-19-32 photo_2024-02-16_20-19-33 (2) photo_2024-02-16_20-19-33 photo_2024-02-16_20-19-34 (2) photo_2024-02-16_20-19-34 photo_2024-02-16_20-19-35 (2) photo_2024-02-16_20-19-35 photo_2024-02-16_20-19-36 photo_2024-02-16_20-21-18 photo_2024-02-16_20-21-22