ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញចូលរួមប្រារព្ធពិធីប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយជាតិ និងផែនការយុទ្ធសាស្ត្រជាតិសុខភាពជនទេសន្តរប្រវេសន៍ ២០២២-២០៣០

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃ០៤ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងឱកាសប្រារព្ធពិធីប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយជាតិ និងផែនការយុទ្ធសាស្ត្រជាតិសុខភាពជនទេសន្តរប្រវេសន៍ ២០២២-២០៣០។

ថ្លែងក្នុងឱកាសប្រារព្ធពិធីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី មានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ មានគោលបំណងក្នុងការសម្រេចគោលដៅយុទ្ធសាស្រ្តធំៗជាច្រើន ដោយក្នុងនោះមាន វិស័យសុខាភិបាលបានកសាងប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្ន ប្រសិទ្ធភាព និងចេរភាពហិរញ្ញវត្ថុដែលធានាការគាំពារដល់ប្រជាជនដើម្បីឆ្លើយតបចំពោះហានិភ័យសេដ្ឋកិច្ច ហានិភ័យសុខភាពសាធារណ: និងភាពងាយរងគ្រោះផ្សេងៗដែលកើតឡើងពីការប្រែប្រួលនៃលក្ខខណ្ឌការងារ និងការរស់នៅ។

ការធ្វើទេសន្ដរប្រវេសន៍ជាចលករដែលបានផ្តល់ឱកាសជួយបង្កើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិទាំងមូលជាមួយនឹងការងារដែលមានប្រាក់ខែខ្ពស់។ ការធ្វើទេសន្ដរប្រវេសន៍ជាអន្តរជាតិ អាចជះឥទ្ធិពលជាវិជ្ជមានដល់សហគមន៍ក្នុងប្រទេសដើម តាមរយៈការបង្កើនប្រាក់ចំណូលរបស់ជនទេសន្ដរប្រវេសន៍ និងនៅក្នុងប្រទេសគោលដៅតាមរយៈការផ្លាស់ប្តូរវប្បធម៌ និងការផ្ទេរជំនាញ។ ប៉ុន្តែទេសន្ដរប្រវេសន៍ក៏បានបង្កជាបញ្ហាដល់ជនទេសន្ដរប្រវេសន៍ខ្លួនឯង និងក្រុមគ្រួសាររបស់ពួកគេ និងជាពិសេសគឺកុមារផងដែរ លក្ខខណ្ឌសុខភាព និងសុវត្ថិភាពក្នុងវិស័យនានាដែលជនទេសន្ដរប្រវេសន៍មានទំនោរទៅធ្វើការ អាចមានភាពមិនច្បាស់លាស់ និងធ្វើឱ្យភាពងាយរងគ្រោះរបស់ពួកគេមានហានិភ័យខ្ពស់។

ទន្ទឹមនឹងនេះព្រះរាជាណាចក្រកម្ពុជាបានទទួលស្គាល់ និងបានរួមចំណែកក្នុងវេទិកាជាសកលស្តីពីការធ្វើទេសន្តរប្រវេសន៍ និងការអភិវឌ្ឍន៍ ដោយបានប្តេជ្ញាចិត្តរួមគ្នាជាសកលដើម្បីឆ្លើយតបជាវិជ្ជមាន ចំពោះដំណើរការនៃការធ្វើទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព រៀបរយ និង ស្របច្បាប់។ មិនតែប៉ុណ្ណោះ ព្រះរាជាណាចក្រកម្ពុជាបាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ លើការអនុវត្តគោលការណ៍ជាតិនិងអន្តរជាតិ ដើម្បីធានានូវការទទួលបានសេវាសុខភាពប្រកបដោយ គុណភាព និងសមធម៌ សម្រាប់ជនទេសន្តរប្រវេសន៍គ្រប់រូប សំដៅបង្កើតបរិយាកាសប្រកបដោយវឌ្ឍនភាព ផលិតភាព និងសុខភាពល្អ នៅក្នុងវដ្តនៃការធ្វើទេសន្តរប្រវេសន៍ដើម្បីចូលរួមចំណែកក្នុងការសម្រេចបានការគ្របដណ្តប់សេវាសុខភាពជាសកល។

លើសពីនេះទៅទៀត ក្រសួងសុខាភិបាលបានដាក់ចេញទស្សនវិស័យរួមគឺ ប្រជាជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានសុខភាព សុខុមាលភាពកាន់តែប្រសើរឡើងជាលំដាប់។ ដើម្បីឆ្លើយតបចក្ខុវិស័យនេះរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍតាមវិស័យ ក្នុងនោះ វិស័យសុខាភិបាលរួមមានការលើកកម្ពស់សុខភាពជូនប្រជាជន តាមរយ:ការពង្រឹងខឿនការពារសុខភាពជូនប្រជាជន ដោយបន្តអភិវឌ្ឍវិស័យសុខាភិបាលសំដៅធានាឱ្យប្រជាពលរដ្ឋគ្រប់រូបរស់នៅប្រកបដោយសុវត្ថិភាព និងសុខភាពល្អលើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសន្តិភាពដោយផ្តោតលើគោលដៅចំបង២ គឺការពារអាយុជីវិតប្រជាពលរដ្ឋពីហានិភ័យនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងសាហាវផ្សេងទៀត និងគោលដៅទី២ គឺការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរពិសេសប្រជាពលរដ្ឋក្រីក្រ ជនងាយរងគ្រោះ ដូចជាស្រ្តី កុមារវ័យជំទង់មនុស្សចាស់ជរា ជនមានពិការភាពតាមរយ:ការពង្រឹងភាពធន់នៃប្រព័ន្ធសន្តិសុខសុខភាពនិងទំនើបភាវូបនីយកម្មប្រព័ន្ធផ្តល់សេវាថែទាំសុខភាពក្នុងដំណើរឆ្ពោះទៅរកការគ្របដណ្តប់សេវាសុខភាពជាសកល។

ការដាក់ចេញឱ្យអនុវត្តនូវគោលនយោបាយជាតិ និងផែនការយុទ្ធសាស្រ្តជាតិស្តីពីសុខភាពជនទេសន្តរប្រវេសន៍២០២២-២០៣០ នាថ្ងៃនេះពិតជាឆ្លើយតបទៅនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា គឺការគាំពារដល់ប្រជាជនក្នុងការឆ្លើយតបចំពោះហានិភ័យសេដ្ឋកិច្ចហានិភ័យសុខភាពសាធារណ:។

សូមបញ្ជាក់ផងដែរថា កម្មវិធីប្រកាសដាក់ឱ្យអនុវត្តនេះ មានការចូលរួមពី លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងលោកស្រី គ្រីស្ទីនប៉ាកូ (Kristine Parco) ប្រធានបេសកកម្មអង្គការទេសន្តរប្រវេសន៍អន្តរជាតិឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការទីប្រឹក្សាក្រសួងសុខាភិបាល ឯកឧត្តម លោកជំទាវតំណាងក្រសួង ស្ថាប័ន លោក លោកស្រីតំណាងអង្គការសុខភាពពិភពលោក និងអង្គការដៃគូអភិវឌ្ឍពាក់ព័ន្ធ និងមន្រ្តីពាក់ព័ន្ធផ្សេងទៀត។

photo_2023-12-04_14-17-45 photo_2023-12-04_14-17-46 (2) photo_2023-12-04_14-17-46 photo_2023-12-04_14-17-47 photo_2023-12-04_14-17-48 photo_2023-12-04_14-17-49 photo_2023-12-04_14-17-51 photo_2023-12-04_14-17-52 photo_2023-12-04_14-17-54 photo_2023-12-04_14-17-55