រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ព្រមទាំងសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ (សាខាវត្តភ្នំ ទី១ ទី៤ និងទី៥)។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានជួបសំណេះសំណាល ថ្លែងអំណរគុណ និងកោតសរសើរ ជូនចំពោះមន្រ្តីសុខាភិបាលនៃមន្ទីរពេទ្យគន្ធបុប្ផា ដែលបានលះបង់ពេលវេលា កំលាំងកាយចិត្ត ចូលរួមចំណែកផ្តល់សេវាសុខាភិបាលជាសារវ័ន្ត ក្នុងការបម្រើសេវាថែទាំសុខភាពជូនកុមារ ប្រកបដោយស្មារតីក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ជាពិសេសក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩។
ក្នុងការចុះពិនិត្យនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានស្នើឱ្យថ្នាក់ដឹកនាំ ជាពិសេសមន្រ្តីសុខាភិបាលត្រូវរៀបចំកិច្ចប្រជុំពិភាក្សាជាបន្ទាន់ជាមួយក្រុមគ្រូពេទ្យឯកទេស ឬក្រុមគ្រូពេទ្យពាក់ព័ន្ធ ក្នុងការស្វែងរករោគវិនិច្ឆ័យឱ្យបានទាន់ពេលវេលា ដើម្បីជួយសង្រ្គោះអាយុជីវិតអ្នកជំងឺឱ្យអស់ពីសមត្ថភាព និងលទ្ធភាព។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំមន្រ្តីសុខាភិបាលត្រូវចូលរួមថែរក្សាសំណង់អគារ បរិក្ខារវេជ្ជសាស្រ្ត និងបន្តបណ្តុះបណ្តាលធនធានមនុស្សឱ្យមានជំនាញច្បាស់លាស់ ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌។
ឆ្លៀងក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្កត់ធ្ងន់លើការកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ ជាពិសេសការសហការក្នុងការទំនាក់ទំនងឱ្យបានល្អរវាងបុគ្គលិកគ្រូពេទ្យ ជាមួយបុគ្គលិកគ្រូពេទ្យ និងអាណាព្យាបាលកុមារដែលជាអ្នកជំងឺមកទទួលសេវា។ ឯកឧត្តមរដ្ឋមន្រ្តី បានគាំទ្រផែនការដែលលើកឡើងដោយ លោកប្រធានមន្ទីរពេទ្យ និងផ្តល់អនុសាសន៍មួយចំនួនដូចខាងក្រោម៖
– បន្តកិច្ចសហប្រតិបត្តិការបច្ចេកទេស និងបង្រៀនជាមួយមន្ទីរពេទ្យកុមារនៃសាកលវិទ្យាល័យទីក្រុងហ្សុយរិក ប្រទេសស្វីស និងដៃគូបច្ចេកទេសផ្សេងទៀត
– អភិវឌ្ឍន៍សេវាព្យាបាលជំងឺដុំមហារីកកុមារ
– ផ្តល់ប័ណ្ណ ប.ស.ស. ដល់បុគ្គលិកគ្រប់លំដាប់ថ្នាក់ឱ្យបានគ្រប់ៗគ្នា
– ខិតខំរក្សាឱ្យបានក្រមសីលធម៌វិជ្ជាជីវៈ និងគុណភាពថែទាំព្យាបាល។
ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ស្នើសុំឱ្យមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវចេះជួយគ្នា សហការគ្នា សាមគ្គីភាពគ្នា និងត្រូវខិតខំប្រឹងព្យាយាមបន្ថែមទៀត ក្នុងការអភិវឌ្ឍមន្ទីរពេទ្យ និងវិស័យសុខាភិបាលឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីឈានទៅរកការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។