ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារបច្ចេកទេសសុខាភិបាល បានដឹកនាំកិច្ចប្រជុំក្រុមការងារជាលើកដំបូង ដើម្បីពិនិត្យវឌ្ឍនភាពការងារផ្តល់អនុសាសន៍ និងលើកទិសដៅការងារបន្ត

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ០៨:៣០នាទីព្រឹក នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារបច្ចេកទេសសុខាភិបាល បានដឹកនាំកិច្ចប្រជុំក្រុមការងារជាលើកដំបូង ដើម្បីពិនិត្យវឌ្ឍនភាពការងារផ្តល់អនុសាសន៍ និងលើកទិសដៅការងារបន្ត។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី និងតំណាងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានចូលរួមប្រជុំក្រុមការងារបច្ចេកទេសសុខាភិបាល (Technical Working Group for Health) ដែលជាកិច្ចប្រជុំលើកដំបូង ក្នុងនីតិកាលទី៧ នៃរដ្ឋសភា នាពេលព្រឹកនេះ។

កិច្ចប្រជុំនេះ នឹងរួមចំណែកក្នុងការលើកកំពស់ប្រសិទ្ធភាពនៃដំណើរការរបស់ក្រុមការងារបច្ចេកទេសសុខាភិបាល (TWGH) និងក្រុមការការងារបច្ចេកទេសសុខាភិបាលរាជធានី-ខេត្ត (Pro-TWGH) ដែលជាយន្តការសម្របសម្រួលរួមរវាងវិស័យសុខាភិបាល និងដៃគូអភិវឌ្ឍន៍សុខាភិបាល ដើម្បីពិនិត្យ កំណត់អាទិភាព ធ្វើសុខដុមនីយកម្មសកម្មភាព ពិភាក្សា និងដោះស្រាយបញ្ហាបច្ចេកទេស ធ្វើឱ្យប្រសើរឡើងនូវការប្រើប្រាស់កៀរគរធនធាន និងតាមដានចំពោះវឌ្ឍនភាពវិស័យសុខាភិបាល។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែកយ៉ាងសកម្មពីគ្រប់ភាគីទាំងអស់ ទាំងក្នុងក្របខណ្ឌសហប្រតិបត្តិការពហុភាគី និងទេ្វរភាគី ក្នុងបុព្វហេតុនៃការអភិវឌ្ឍ វិស័យសុខាភិបាលឱ្យកាន់តែមានភាពជឿនលឿនទៅមុខ ដើម្បីផ្តល់សេវាថែទាំសុខភាពមាន គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ប្រកបដោយសមធម៌ជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។

កិច្ចសហប្រតិបត្តិការនេះនឹងរួមចំណែកពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ គាំទ្រផែនការយុទ្ធសាស្ត្រថ្មីៗ របស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអណត្តិទី៧ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមផ្ទាល់នៅទីស្តីការក្រសួងសុខាភិបាលរួមមាន ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក អគ្គាធិការនៃក្រសួងសុខាភិបាល និងដៃគូអភិវឌ្ឍន៍ ចំណែកឯកឧត្តម លោកជំទាវ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត ទាំង២៥ ចូលរួមតាមរយៈប្រព័ន្ធអនឡាញ។

photo_2023-12-22_17-24-29 photo_2023-12-22_17-24-30 photo_2023-12-22_17-24-31 photo_2023-12-22_17-24-32 (2) photo_2023-12-22_17-24-32 photo_2023-12-22_17-24-34 photo_2023-12-22_17-24-35 photo_2023-12-22_17-24-36