ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំប្រតិភូក្រសួងសុខាភិបាល ចូលរួមកិច្ចប្រជុំតាមការអញ្ជើញរបស់គណៈកម្មការទី៨ នៃរដ្ឋសភា

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ៩រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំប្រតិភូក្រសួងសុខាភិបាល ចូលរួមកិច្ចប្រជុំតាមការអញ្ជើញរបស់គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) ដែលដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ ដោយមានការអញ្ជើញចូលរួមពីតំណាងគណៈកម្មការនានាទាំង៩ នៃរដ្ឋសភាដែលប្រព្រឹត្តទៅនៅសាលសន្និសីទបាយ័ន វិមានរដ្ឋសភា។

កិច្ចប្រជុំមានគោលបំណង ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងបញ្ហាប្រឈម ជាពិសេសនៅមូលដ្ឋានសុខាភិបាល ថ្នាក់ក្រោមជាតិ។ លោកជំទាវប្រធានគណៈកម្មការទី៨ បានសំដែងនូវការកោតសរសើរដល់ការខិតខំរបស់ក្រសួងសុខាភិបាល បន្ទាប់ពីបានតាមដានដោយយកចិតទុកដាក់នូវសកម្មរបស់ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល ចាប់ពីដើមនីតិកាលទី៧ នៃរដ្ឋសភា រហូតមកដល់បច្ចុប្បន្ន។

បន្ទាប់ពីបានស្តាប់របាយការណ៍ និងការបង្ហាញរបស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលរួចមក គណៈកម្មការទី៨ បានគាំទ្រលើវិធានការគន្លឹះនានា និងផែនការអាទិភាពដែលត្រូវបន្តអនុវត្ត ដេីម្បីលេីកគុណភាពសេវាសុខាភិបាលឱ្យកៀកប្រជាពលរដ្ឋនៅមូលដ្ឋាន មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកគ្រប់កម្រិត ជាពិសេសការអប់រំសុខភាពនៅក្នុងសហគមន៍ និងការពង្រីកសេវាព្យាបាលជំងឺមិនឆ្លង នៅតាមមណ្ឌលសុខភាពទូទាំងប្រទេស។ ជាមួយគ្នានេះ គណៈកម្មការទី៨ ក៏បានត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការជាមួយក្រសួងសុខាភិបាល ដើម្បីជំរុញ និងគាំទ្រលើផែនការសកម្មភាព ក្នុងការលើកកម្ពស់សុខភាពសាធារណៈ និងការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកលដែលជាកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។

ឆ្លៀតក្នុងឱកាសដ៏មានតម្លៃនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណជូនចំពោះ លោកជំទាវប្រធាន និងសមាជិក សមាជិកានៃគណៈកម្មការទី៨ នៃរដ្ឋសភា ដែលបានទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល។ ក្រសួងសុខាភិបាល បន្តប្រឹងប្រែងដោះស្រាយនូវបញ្ហាប្រឈមនានា ពាក់ព័ន្ធជាមួយនឹងសុខភាពរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ឱ្យកាន់តែមានភាពប្រសើរឡើង។ photo_2024-01-05_22-19-42

photo_2024-01-05_22-38-52

photo_2024-01-05_22-38-53 photo_2024-01-05_22-19-47 photo_2024-01-05_22-19-51 photo_2024-01-05_22-20-02 photo_2024-01-05_22-20-12 photo_2024-01-05_22-20-16

photo_2024-01-05_22-19-41

photo_2024-01-05_22-20-17 photo_2024-01-05_22-20-18