ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួប ឯកឧត្តម LEUNG Chun-Ying អគ្គនាយកមូលនិធិ GX និងអនុប្រធានគណៈកម្មាធិការជាតិនៃប្រឹក្សានយោបាយប្រជាជនចិន នៃសាធារណៈរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ

ព្រឹកថ្ងៃចន្ទ ៤រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួប ឯកឧត្តម LEUNG Chun-Ying អគ្គនាយកមូលនិធិ GX និងអនុប្រធានគណៈកម្មាធិការជាតិនៃប្រឹក្សានយោបាយប្រជាជនចិន នៃសាធារណៈរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណដល់មូលនិធិ GX ដែលកន្លងមកបានសហការរួមចំណែកគាំទ្រលើកកំពស់សេវាសុខាភិបាល តាមរយៈការបញ្ជូនក្រុមគ្រូពេទ្យមកជួយវះកាត់ជំងឺភ្នែកឡើងបាយ ជូនប្រជាពលរដ្ឋកម្ពុជាបានចំនួន ៦២០៨ ករណី ក្នុងខេត្តកំពង់ចាម តាំងពីឆ្នាំ២០១៨ ដល់ឆ្នាំ២០១៩ និងជួយវះកាត់អ្នកជំងឺ សរុបចំនួន ៣០៤៥នាក់ ក្នុងខេត្តព្រៃវែង ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២ មកដល់ខែធ្នូ ឆ្នាំ២០២៣ ក្រោមគម្រោងលុបបំបាត់ភាពពិការភ្នែកដោយជំងឺភ្នែកឡើងបាយ ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់ជំហរបន្តកិច្ចសហប្រតិបត្តិការល្អ លើការពិនិត្យមើលលទ្ធភាពជួយពង្រឹងសេវាសុខភាពភ្នែកនៅតាមបណ្តាលខេត្ត និងមជ្ឈមណ្ឌលថែទាំភ្នែក នៅតាមមន្ទីរពេទ្យស្រុក និងនៅកម្រិតសហគមន៍ តាមរយៈការបំពាក់ឧបករណ៍ បរិក្ខារ និងបច្ចេកវិទ្យាសម្រាប់ពិនិត្យ ព្យាបាល និងវះកាត់ភ្នែកជូនប្រជាជនកម្ពុជា និងការផ្តល់ជំនួយបណ្តុះបណ្តាលជំនាញឯកទេសក្នុងការងារជំងឺគ្រុនឈាម ដើមី្បឈានទៅដល់ការពង្រីកផែនការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាមនៅក្នុងពេលឆាប់ៗខាងមុខនេះបន្ថែមទៀត។

លោក LEUNG Chun-Ying បានបញ្ជាក់ជំហរយ៉ាងមុតមាំរបស់មូលនិធិ ក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងពង្រីក “គម្រោងលុបបំបាត់ភាពពិការភ្នែកដោយជំងឺភ្នែកឡើងបាយ “ ទៅខេត្តផ្សេងទៀតតាមការស្នើសុំរបស់ក្រសួងសុខាភិបាល ចូលរួមឈានទៅសម្រេចគោលដៅលុបបំបាត់ភាពពិការភ្នែកដែលអាចបង្ការបាន នាឆ្នាំ២០៣០ នៅកម្ពុជា។ ចំពោះការស្នើគម្រោងជំងឺគ្រុនឈាមគឺ GX Foundation មានឆន្ទៈត្រៀមគាំទ្រដោយសន្យាថានឹងបញ្ជូនក្រុមការងារ GX Foundation សហការជាមួយក្រុមការងារក្រសួងសុខាភិបាលឱ្យចុះពិនិត្យទីតាំងនៅតាមខេត្ត និងមន្ទីរពេទ្យ ដើមី្បរៀបចំគម្រោងក្នុងការជួយបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាមនេះផងដែរ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងនូវការកោតសសើរ GX Foundation ដែលមានការប្តេជ្ញាចិត្តក្នុងការពង្រឹកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ជាមួយក្រសួងសុខាភិបាល ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាឈានទៅ សម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកលស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមុះមុត ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

photo_2024-01-29_14-52-22 (2)  photo_2024-01-29_14-52-23 photo_2024-01-29_14-52-25 (2) photo_2024-01-29_14-52-25 photo_2024-01-29_14-52-27 photo_2024-01-29_14-52-28

photo_2024-01-29_14-52-22

photo_2024-01-29_14-52-29