នៅព្រឹកថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យលោកស្រី Eda KRAJA នាយិកាអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង (United Nations Office for Project Service-UNOPS) ប្រចាំប្រទេសកម្ពុជា និងប្រទេសឡាវ ដើម្បីបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណ លោកស្រី នាយិកាអង្គការ UNOPS ដែលបានសហការគាំទ្រក្រសួងសុខាភិបាល ទាំងការសម្របសម្រួលបច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងកិច្ចការលទ្ធកម្ម នូវសម្ភារៈ និងឱសថសារវន្ត ក្នុងការចូលរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជានាពេលកន្លងមក។
លោកស្រី នាយិកាអង្គការ UNOPS បានថ្លែងការអបអរសាទរ និងជូនពរ ចំពោះឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសដែល ឯកឧត្តម ទទួលបាននូវការទុកចិត្តពីរាជរដ្ឋាភិបាលនីតិកាលទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។ លោកស្រីនាយិកា បានជម្រាបជូន ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ថាអង្គការ UNOPS បានចាប់ផ្តើមការងារនៅកម្ពុជាអស់រយៈពេលជាង១០ឆ្នាំមកហើយ ជាពិសេសក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល ដើម្បីអនុវត្តលើគម្រោងនានា ដែលពាក់ព័ន្ធនឹងការធ្វើលទ្ធកម្មទៅលើសម្ភារៈ និងឱសថ ការសម្របសម្រួល ទៅនឹងការងារប្រយុទ្ធប្រឆាំង និងលុបបំបាត់ជំងឺគ្រុនចាញ់ ការងារប្រយុទ្ធប្រឆាំងជំងឺរបេង និងការងារប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងសកល ដូចជាជំងឺកូវីដ-១៩ ជាដើម ព្រមទាំងបានសហការជាមួយក្រសួងពាក់ព័ន្ធផ្សេងៗរបស់រាជរដ្ឋាភិបាល និងអង្គការជាតិ-អន្តរជាតិ ឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (Sustainable Development Goals- SDG) មុនកាលបរិច្ឆេទកំណត់។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជម្រាប UNOPS អំពីអាទិភាពវិស័យសុខាភិបាលទាំង ៩ចំណុច និងអាទិភាពគន្លឹះទាំង៣ចំណុច និងសំណូមពរ UNOPS បន្តរក្សាពង្រីកកិច្ចសហប្រតិបត្តិការដែលអាចអនុលោម និងបន្ស៊ីជាមួយវិស័យអាទិភាព។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្នើដល់អង្គការ UNOPS បន្តរក្សាពង្រីក និងចែករំលែកបទពិសោធន៍ល្អៗ ដែលបានអនុវត្តកន្លងមក ជាពិសេសផ្តោតលើការងារលទ្ធកម្ម ជាមួយក្រុមហ៊ុន និងដៃគូផ្គត់ផ្គង់ ដើមី្បរួមគ្នាលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។