នៅព្រឹកថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតឲ្យ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូត នៃស្ថានប្រតិភូសហភាពអឺរ៉ុប ដើម្បីបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការរវាងក្រសួងសុខាភិបាល និងសហភាពអឺរ៉ុប។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណ ដល់បណ្តាប្រទេសជារដ្ឋសមាជិក នៃសហភាពអឺរ៉ុប ដែលបានសហការគាំទ្រវិស័យសុខាភិបាលទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការចូលរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា នាពេលកន្លងមកដូចជា សាធារណរដ្ឋឆេកបានជួយលើ គម្រោងអភិវឌ្ឍពង្រឹងសមត្ថភាពការថែទាំជុំវិញកំណើត (Perinatal care center) គម្រោងសុខភាពមាតា និងទារកទើបនឹងកើត សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ (GDR) បាននិងកំពុងជួយគម្រោងគាំពារសុខភាពសង្គម កម្មវិធីសមធម៌សុខភាព និងលើកកម្ពស់គុណភាពសេវានៅកម្ពុជា គម្រោងសុខភាពតែមួយ (One Health 4 Cambodia) ប្រទេសបារាំង បានជួយការងារបណ្តុះបណ្តាលវេជ្ជបណ្ឌិតឯកទេស ជារៀងរាល់ឆ្នាំ បណ្តាលប្រទេសអឺរ៉ុបខាងជើង (Nordic Country) ជួយគម្រោងមូលនិធិសាកល ជាពិសេសគឺការផ្តល់ជំនួយវ៉ាក់សាំងតាមរយៈ កម្មវិធី COVAX និងតាមរយៈជំនួយទ្វេភាគីជាដើមក្នុងគោលដៅចូលរួមចំណែកគាំទ្រឱ្យកម្ពុជាឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage-UHC) ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានជម្រាបជូនប្រតិភូសហភាពអឺរ៉ុប អំពីអាទិភាពវិស័យសុខាភិបាលទាំង ៩ចំណុច និងអាទិភាពគន្លឹះទាំង៣ចំណុច ដែលក្រសួងសុខាភិបាលកម្ពុជាបាន និងកំពុងអនុត្តុនាពេលបច្ចុប្បន្ននេះ។
ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានកោតសរសើរ និងអបអរសាទរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសដែលឯកឧត្តមទទួលបាននូវគ្រឿងឥស្សរិយយសខ្ពស់ជាងគេបំផុត ឡា ឡេស្យុង ដោនើរ (La Légion d’honneur) ពីប្រទេសបារាំង ដែលជាសមាជិកសភាពអឺរ៉ុប នាពេលថ្មីៗនេះ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណដល់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានរំលឹកពីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងការគាំទ្រពីបណ្តាលសមាជិកនៃសហភាពអឺរ៉ុប ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងពេលផ្ទុះរាតត្បាតនៃជំងឺកូវិដ-១៩ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ជំហរក្នុងការបន្តកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងកម្ពុជា ជាពិសេសការបន្តគាំទ្រគម្រោងគាំពារសុខភាពសង្គម គម្រោងកាកបាទក្រហមកម្ពុជានៅតាមព្រំដែនកម្ពុជា-ថៃនិងកម្ពុជា-វៀតណាម ឯកឧត្តមស្នើសុំក្រសួងជួយផ្តល់ដំណឹង និងលើកទឹកចិត្តដល់និសិត្យកម្ពុជាឱ្យចូលរួមក្នុងកម្មវិធីអាហារូបករណ៍តាមរយៈ ERASMUS ផងដែរ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់សហភាពអឺរ៉ុប ជាពិសេសឯកអគ្គរដ្ឋទូត ដែលបានបញ្ជាក់ពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ព្រមទាំងបានស្វាគមន៍ដល់ការវិនិយោគរបស់សហគ្រាស នៃរដ្ឋសមាជិកសហភាពអឺរ៉ុប លើកការផលិតឱសថ វ៉ាក់សាំង និងបរិក្ខារវេជ្ជសាស្ត្រ ដែលមានគុណភាពខ្ពស់ និងនិយាមអន្តរជាតិ គ្នុងគោលដៅរួមគ្នាលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាល អាណត្តិទី៧ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។