រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើក សន្និសីទអន្តរជាតិលើកទី៦ ស្តីអំពីមូសខ្លា ( Aedes Albopictus) រួមជាមួយ ឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំង ប្រចាំកម្ពុជា ដែលបានសហការរៀបចំឡើងដោយ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ បុគ្គលិកនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ព្រមទាំងអ្នកវិទ្យាសាស្ត្រជាតិ និងអន្តរជាតិ ចំនួន ១០១ រូប មកពី ២៣ប្រទេសមកចូលរួមក្នុងសន្និសីទនេះ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគួរបញ្ជាក់ថា គឺជាមោទនៈភាពដែលកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ សន្និសីទអន្តរជាតិលើកទី៦ ស្តីអំពីមូសខ្លា ( Aedes Albopictus) នេះជាលើកដំបូងដែលសន្និសីទមួយនេះធ្វើឡើងនៅក្នុងប្រទេសកម្ពុជា ហើយជាលើកដំបូងដែលវាត្រូវបានរៀបចំដោយក្រុមការងារនៃបណ្តាញប៉ាស្ទ័រ។ ប្រភេទមូស Aedes albopictus ត្រូវបានគេស្គាល់ជាទូទៅថាជា មូសខ្លា គឺជាភ្នាក់ងារចម្លងដ៏សំខាន់មួយនៃជំងឺគ្រុនឈាម ជំងឺ Chikungunya និង ជំងឺ Zika នៅទូទាំងពិភពលោក និងជាភ្នាក់ងារបង្កជំងឺយ៉ាងហោចណាស់៤០ប្រភេទផ្សេងទៀត ដែលជាបញ្ហាចោទនៅក្នុងវិស័យសុខភាពសាធារណ។ សន្និសិទអន្តរជាតិនេះ ត្រូវបានរៀបចំឡើងជារៀងរាល់២ឆ្នាំម្តង ដោយសង្កត់ធ្ងន់ទៅលើការសិក្សាស្រាវជ្រាវជុំវិញប្រធានបទដែលទាក់ទងនឹងប្រភេទមូសខ្លា (Aedes albopictus) ដូចជា ប្រព័ន្ធជីវសាស្ត្រ សមត្ថភាពក្នុងការចម្លងជំងឺ ការរាតត្បាត និងទម្រង់នៃការបំបែកខ្លួន និងតួនាទីរបស់វាដែលជាភ្នាក់ងារចម្លងបន្តក៏ដូចជាយុទ្ធសាស្ត្រថ្មីៗក្នុងការគ្រប់គ្រងការចម្លង និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុផងដែរ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជូនជាអនុសាសន៍ថា សូមសន្និសីទ្ធអន្តរជាតិរយៈពេលពីរថ្ងៃនេះ មានការពិភាក្សាឱ្យបានផុលផុស ព្រមទាំងនាំយកលទ្ធផលនៃការពិភាក្សានេះដើមី្បផ្តល់អត្ថប្រយោជន៍មិនត្រឹមតែកម្ពុជាប៉ុណ្ណោះទេ ថែមទាំងសហគមន៍ពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺទាំងនេះផងដែរ។ ព្រមជាមួយគ្នានេះ ឯកឧត្តម បានស្នើដល់ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាត្រូវបន្តខិតខំប្រឹងព្យាយាមបន្ថែមទៀត ក្នុងការរួមចំណែកសហការ គាំទ្រ និងបន្តពង្រឹងវិស័យសុខាភិបាលឱ្យកាន់តែមានភាពធន់ និងរឹងមាំ ដើម្បីរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសជ្រុងទី៣ នៃបញ្ចកោណទី១ “ លើកកម្ពស់សុខុមាលភាព និងសុខភាពប្រជាជន”។