នៅព្រឹកថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបជាមួយ ឯកឧត្តមសាស្ត្រាចារ្យ HA IL-Soo នាយកអង្គការ Korea Foundation for International Healthcare (KOFIH) និងលោក Song Yonggun ប្រធានប្រចាំប្រទេសកម្ពុជា និងក្រុមការងារ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងអំណរគុណ និងវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការជាដៃគូជាមួយអង្គការ KOFIH ចាប់តាំងពីឆ្នាំ២០១១កន្លងមក និងបានគូសបញ្ជាក់ថា គម្រោងរបស់ KOFIH ពិតជាបានគាំទ្រ និងជួយចំកន្លែងដែលមានតម្រូវការ មានលក្ខណៈច្បាស់លាស់ និងនិរន្តរភាព ក្នុងគោលដៅបម្រើផលប្រយោជន៍សុខុមាលភាពរបស់ប្រជាជនកម្ពុជា និងលើកកម្ពស់សមត្ថភាពរបស់បុគ្គលិកសុខាភិបាល និងគុណភាពសេវាសុខាភិបាល។
ឯកឧត្តមសាស្ត្រាចារ្យ HA IL-Soo បានបញ្ជាក់អំពីជំហរពង្រឹកកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់គុណភាពសេវាថែទាំសុខភាព និងការពង្រឹងការគ្រប់គ្រងជំងឺរ៉ាំរ៉ៃ នៅភាគពាយ័ព្យនៃប្រទេសកម្ពុជា គម្រោងពង្រឹងការគ្រប់គ្រងជំងឺឆ្លង និងការឆ្លើយតបបន្ទាន់តាមតំបន់ព្រំដែននៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ព្រមទាំងការពង្រីងវិសាលភាពនៃកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល តាមរយៈជំនួយបណ្តុះបណ្តាលធនធានមនុស្ស ក្រោមកម្មវិធីអាហារូបករណ៍ Dr LEE Jong-wook (LJWFP) និងគម្រោងលើកកម្ពស់គុណភាពការថែទាំបន្ទាន់ សម្រាប់គម្រោងថែទាំសម្ភព និងរោគស្ដ្រី និងការសង្គ្រោះទារកទើបនឹងកើត នៅតំបន់ភាគពាយ័ព្យនៃប្រទេសកម្ពុជា (EmONC) រួមទាំង ការពង្រឹងសេវាថែទាំសុខភាព នៃអន្តរាគមន៍ដំបូង និងស្តារនីតិសម្បទាសម្រាប់ជនមានពិការភាពនៅប្រទេសកម្ពុជា ផងដែរ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងនូវការកោតសសើរ និងលើកទឹកចិត្តឱ្យអង្គការ KOFIH ពង្រីកវិសាលភាពនៃគម្រោងដែលកំពុងអនុវត្តទៅកាន់បណ្តាខេត្តមួយចំនួនទៀត ព្រមទាំងបង្កើតគម្រោងបន្ថែម ជាពិសេសផ្នែកការថែទាំទារកទើបនឹងកើត ដើម្បីរួមចំណែកកាត់បន្ថយអត្រាមរណៈភាពទារកនិងកុមារនៅកម្ពុជា។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានស្នើ KOFIH បន្តគាំទ្រការបណ្តុះបណ្តាលសមត្ថភាពគ្រប់គ្រងមន្ទីរពេទ្យសាកលវិទ្យាល័យ ការលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ ការកសាងហេដ្ឋារចនាសម្ព័ន្ធអគារផ្នែកសម្ពព និងកុមារ និងប្រព័ន្ធបញ្ជូន ព្រមទាំងបន្តពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ជាមួយក្រសួងសុខាភិបាល ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមុះមុត ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។