រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី១ នៃខែមេសា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានស្នើសុំឱ្យថ្នាក់ដឹកនាំនៅតាមអង្គភាពក្រោមឱវាទ ត្រូវអនុវត្ត និងការរៀបចំផែនការសម្រាប់អភិវឌ្ឍវិស័យសុខាភិបាលដោយឈរលើគោលការណ៍ កុំយឺតយ៉ាវ កុំបណ្តែតបណ្តោយ កុំស្តាប់ពាក្យចចាមអារ៉ាមមិនត្រឹមត្រូវ និងត្រូវក្លាហាន ទទួលខុសត្រូវក្នុងភារកិច្ចរបស់ខ្លួន។
ឯកឧត្ដមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានលើកឡើងអំពីការបន្តផ្សព្វផ្សាយសារអប់រំ វីដេអូអប់រំសុខភាពផ្សេងៗឱ្យបានច្រើន និងទូលំទូលាយ ព្រមទាំងទាន់សភាពការណ៍ ជាជាក់ស្តែងដូចជាបន្តរំលឹកពីសារ តិចខ្លាញ់ តិចស្ករ តិចអំបិល ដើម្បីសុខភាពល្អអាយុយឺនយូរ ក៏ដូចជាសារអំពីវិធានបង្ការនិងការពារសុខភាពករណីការឡើងកំដៅនៃការប្រែប្រួលអកាសធាតុ ករណីជំងឺឆ្លងជាដើម។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានធ្វើការកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល ក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២៤នេះ ដែលបានយកចិត្តទុកដាក់ក្នុងការបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបានលទ្ធផលល្អជាច្រើន ដែលបង្ហាញឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ជាពិសេសមន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានស្នើឱ្យថ្នាក់ដឹកនាំ និងមន្រ្តីនៅតាមអង្គភាពសុខាភិបាលទាំងអស់ ត្រូវបន្តសហការគ្នា សាមគ្គីភាព អនុវត្តការងារឱ្យបានត្រឹមត្រូវ ដោយឈរលើគោលការណ៍សកម្មភាព ដោះស្រាយបញ្ហា ឆ្លើយតប បុរេសកម្ម និងនវានុវត្តន៍។
ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានធ្វើការផ្តាំផ្ញើសួរសុខទុក្ខបងប្អូនមន្ត្រីរាជការសុខាភិបាលទាំងអស់ ជាពិសេសនៅតាមបណ្តារាជធានី-ខេត្ត តាមរយៈប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត និងជូនពរក្នុងឱកាសឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ខាងមុខនេះ សូមទទួលបាននូវសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចការងារ។
សូមបញ្ជាក់ផងដែរកិច្ចប្រជុំរៀបចំឡើងតាមរយៈប្រព័ន្ធហ៊ីប្រីដ៍ (Hybrid) ដែលមានការអញ្ជើញចូលរួមផ្ទាល់នៅទីស្តីការក្រសួងសុខាភិបាលរួមមាន ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក អគ្គាធិការ នាយកដ្ឋាន ប្រធានអង្គភាពថ្នាក់កណ្តាលនៃក្រសួងសុខាភិបាល និងប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត តាមរយៈប្រព័ន្ធវីដេអូសន្និសីទ។