ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលរថយន្ត ចំនួន១៩គ្រឿង ដែលផ្តល់ដោយគម្រោងទប់ស្កាត់ និងបង្ការជំងឺឆ្លងក្នុងមហាអនុតំបន់មេគង្គ-ហិរញ្ញប្បទានបន្ថែម

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលរថយន្ត ចំនួន១៩គ្រឿង ដែលផ្តល់ដោយគម្រោងទប់ស្កាត់ និងបង្ការជំងឺឆ្លងក្នុងមហាអនុតំបន់មេគង្គ-ហិរញ្ញប្បទានបន្ថែម ជូនដល់អង្គភាពថ្នាក់កណ្តាល និងមន្ទីរសុខាភិបាលរាជធានី-ខេត្ត រួមមាន នាយកដ្ឋានប្រយុទ្ធជំងឺឆ្លង នាយកដ្ឋានមន្ទីរពេទ្យ វិទ្យាស្ថានជាតិសុខភាពសាធារណៈ មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន មជ្ឈមណ្ឌលជាតិប្រយុទ្ធជំងឺអេដស៍ សើស្បែក និងកាមរោគ និងមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ខេត្តកំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ កោះកុង ព្រះសីហនុ ពោធិ៍សាត់ សៀមរាប តាកែវ ឧត្តរមានជ័យ និងកែប។

ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ សុខាភិបាល ទាំងថ្នាក់ជាតិ និងក្រោមជាតិផងដែរ។ គួរបញ្ជាក់ផងដែរថាគម្រោងទប់ស្កាត់ និងបង្ការជំងឺឆ្លងក្នុងមហាអនុតំបន់មេគង្គ-ហិរញ្ញប្បទានបន្ថែម ដែលរាជរដ្ឋាភិបាលកម្ពុជាទទួលហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី សម្រាប់ពង្រឹងភាពធន់នៃប្រព័ន្ធសន្តិសុខសុខភាពក្នុងការត្រៀមលក្ខណៈ និងការឆ្លើយតបទាន់ពេលចំពោះគ្រប់ទម្រង់នៃវិបត្តិសុខភាពសាធារណៈ តាមរយៈការពង្រឹងសមត្ថភាពក្រុមការងារឆ្លើយតបបន្ទាន់នៅគ្រប់លំដាប់ថ្នាក់ ការជួសជុលកែលម្អ និងការបំពាក់ឧបករណ៍ សម្ភារៈ សម្រាប់ពង្រឹងគុណភាពសេវាមន្ទីរពិសោធន៍ ឧបករណ៍សម្រាប់សេវាសង្គ្រោះបន្ទាន់ និងឧបករណ៍បង្ការការចម្លងរោគនៅមន្ទីរពេទ្យជាដើម។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានរំលឹកពីការទទួលបានជោគជ័យរបស់កម្ពុជាក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ហើយបាននឹងកំពុងស្តារកំណើនសេដ្ឋកិច្ច និងបន្តពង្រឹងភាពធន់នៃប្រព័ន្ធសុខាភិបាល ដើម្បីត្រៀមឆ្លើយតបនឹងការគម្រាមកំហែងសុខភាពសាធារណៈ ឬគ្រោះអាសន្នសុខភាព ដែលអាចកើតឡើងមានជាយថាហេតុ ក្នុងពេលអនាគត។ ជាក់ស្តែងក្នុងអំឡុងពេលថ្មីៗនេះ ព្រះរាជាណាចក្រកម្ពុជាគ្រប់គ្រងបានយ៉ាងល្អនូវជំងឺឆ្លងដែលបានលេចឡើងថ្មី ឬលេចឡើងសារឡើងវិញមួយចំនួនដូចជា ជំងឺអុតស្វា ជំងឺភ្នែកក្រហម ជំងឺហ្សីកា ជាដើម។ ដែលទាំងនេះជាសក្ខីភាពបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលនីតិកាលកន្លងទៅ ក៏ដូចជានីតិកាលទី៧ នៃរដ្ឋសភា ក្នុងការការពារអាយុជីវិតប្រជាជន ការពារសុខភាពសាធារណៈ និងការរក្សាសុវត្ថិភាពនៃកិច្ចដំណើការសកម្មភាពសង្គម-សេដ្ឋកិច្ច។

ជាមួយគ្នានោះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តីបានផ្តល់នូវអនុសាសន៍សំខាន់ៗ ដែលមានបច្ច័យលើការបន្តពង្រឹងភាពធន់នៃប្រព័ន្ធសន្តិសុខសុខភាព ឱ្យកាន់តែរឹងមាំថែមទៀតដូចជា៖
១- រក្សាភាពបុរេសកម្ម សកម្មនិងអន្តរសកម្មនៃប្រព័ន្ធអង្កេតតាមដានជំងឺឆ្លង ការពុលចំណីអាហារ ឬជំងឺឆ្លងតាមចំណីអាហារឬទឹកមិនស្អាត ជំងឺឆ្លងពីសត្វមកមនុស្ស ជាដើម និងធ្វើការឆ្លើយតបទាន់ពេល និងមានប្រសិទ្ធភាព ដោយមានការចូលរួមពីរដ្ឋបាលមូលដ្ឋាន ប្រជាជន និងសហគមន៍
២- ពង្រឹងប្រព័ន្ធផ្តល់សេវាថែទាំសុខភាពបថមមានគុណភាព ដែលជាផ្នែកមួយដ៏សំខាន់ រួមចំណែកដល់ការពង្រឹងប្រព័ន្ធសន្តិសុខសុខភាព តាមរយៈការបង្កើនសកម្មភាពអប់រំ លើកកម្ពស់សុខភាព ការប្រាស្រ័យទាក់ទងហានិភ័យ និងការផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹង និងការប្រតិបត្តិត្រឹមត្រូវរបស់ប្រជាជន ក្នុងការថែរក្សាសុខភាព ការបង្ការ និងការគ្រប់គ្រងជំងឺ ឬបញ្ហាសុខភាពដទៃទៀត ជាពិសេស នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិនាពេលខាងមុខនេះ
៣- អង្គភាពសុខាភិបាលពាក់ព័ន្ធនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិត្រូវពិនិត្យ រៀបចំ ឬធ្វើបច្ចុប្បន្នភាពផែនការសកម្មភាពឆ្លើយតបបន្ទាន់នឹងគ្រោះអាសន្នសុខភាពសាធារណៈ សម្រាប់តម្រង់ទិសនៃការ វិនិយោគធនធាន ដើម្បីបង្កើនសមត្ថភាពឆ្លើយតបចំពោះគ្រប់ទម្រង់នៃវិបត្តិសុខភាពសាធារណៈ និងបន្តពង្រឹងវិធានចត្តាឡីស័កនៅតាមច្រកទ្វារចេញ-ចូលអន្តរជាតិនានា
៤-នាយកដ្ឋានប្រយុទ្ធជំងឺឆ្លងត្រូវពិនិត្យ និងរៀបចំការផ្លាស់ប្តូរផែនការនីយកម្មរយៈពេលខ្លី ទៅកាន់ផែនការរយៈពេលវែងមានចីរភាព និងការប្រើប្រាស់យុទ្ធសាស្រ្តគ្រប់គ្រងជំងឺឆ្លងរាតត្បាតនៅតាមកន្លែង(Endemic strategy) ដោយមានការចូលរួមពីនាយកដ្ឋានពាក់ព័ន្ធ និងអង្គ-ភាពសុខាភិបាលថ្នាក់ក្រោមជាតិ និងថ្នាក់ក្រោមជាតិ
៥-លើកកម្ពស់ការគ្រប់គ្រងការប្រើប្រាស់ និងការជួសជុលថែទាំសម្ភារៈ ឧបករណ៍ពេទ្យ ហេដ្ឋារចនា- សម្ព័ន្ធរូបវន្ត និងមធ្យោបាយដឹកជញ្ជូន ឱ្យបានសមស្រប ដើម្បីផលប្រយោជន៍នៃការប្រើប្រាស់យូរអង្វែងផង និងប្រសិទ្ធភាពនៃផ្តល់សេវាបង្ការ និងគ្រប់គ្រងការរាតត្បាតនៃជំងឺឆ្លង និងសេវាថែទាំព្យាបាលផង។

ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានធ្វើការផ្តាំផ្ញើសួរសុខទុក្ខបងប្អូនមន្ត្រីរាជការសុខាភិបាលទាំងអស់ ជាពិសេសនៅតាមបណ្តារាជធានី-ខេត្ត និងជូនពរក្នុងឱកាសឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ខាងមុខនេះ សូមទទួលបាននូវសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចការងារ និងសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

photo_2024-04-10_18-54-57 photo_2024-04-10_18-54-58 photo_2024-04-10_18-54-59 (2) photo_2024-04-10_18-54-59 photo_2024-04-10_18-55-00 (2) photo_2024-04-10_18-55-00

photo_2024-04-10_18-55-02 photo_2024-04-10_18-55-02 (2) photo_2024-04-10_18-55-06 photo_2024-04-10_18-55-09