ការចុះពិនិត្យកាដ្ឋានសាងសង់សម្រាប់ត្រៀមរៀបចំពិធីបញ្ចុះបឋមសីលា និងបើកការដ្ឋានសាងសង់មន្ទីពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២៤
រាជធានីភ្នំពេញ៖ ថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជានាយកគម្រោង អមដំណើរដោយ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការ និងជានាយករងគម្រោង អញ្ជើញចុះពិនិត្យទីតាំង ដើម្បីត្រៀមរៀបចំពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលនឹងប្រព្រឹត្តទៅក្នុងពេលដ៏ខ្លីខាងមុខនេះ។
ក្នុងឱកាសនោះផងដែរ លោកជំទាវរដ្ឋលេខាធិការ ក៏បានផ្តល់អនុសាសន៍ណែនាំ ដល់តំណាងក្រុមហ៊ុនទទួលកិច្ចសន្យាសាងសង់ សូមយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំទីតាំង ការដ្ឋាន ទីតាំង សំរាប់រៀបចំ ដាក់ ម៉ាស៊ីន ខួងគ្រឹះ និង សំអាត ការដ្ឋានទាំងមូល សម្រាប់ត្រៀមក្នុងពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់នាពេលខាងមុខនេះ ដើម្បីធានាដំណើរការសាងសង់ប្រព្រឹត្តទៅតាមកាលបរិច្ឆេទដែលបានកំណត់ ។
ក្នុងនាមក្រសួងសុខាភិបាល លោកជំទាវ ក៏បាន ថ្លែងអំណរគុណដល់ ក្រុមជំនាញវិស្វករ និង តំណាងផ្នែកផ្សេងៗ ដែលកំពុង សស្រាក់សស្រាំ បំពេញការងារក្នុងការដ្ឋានទាំងមូល និង បានណែរនាំក្នុងការ គោរពនូវបទដ្ឋាន សំណង់ ក៏ដូចជាការអនុវត្តន៍ នូវវិធានការណ៍សុវត្ថិភាពឲ្យ បានជាប់ជាប្រចាំ ។
គួរបញ្ជាក់ផងដែរថា ការពិនិត្យការដ្ឋានសាងសង់នេះ ក៏មានសមាសភាពចូលរួមពីក្រុមការងារសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងតំណាងក្រុមហ៊ុនផ្តល់ប្រឹក្សាផងដែរ។ គម្រោងសាងសង់មន្ទីពេទ្យសាកលវិទ្យាល័យវិទ្យាល័យនេះ ជាគម្រោងដំបូងបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនឹងត្រូវ ចំណាយពេលសាងសង់ រយៈពេល ២៨ ខែ និងបានទទួលថរិកាកម្ចីសម្បទានពីសាធារណរដ្ឋកូរ៉េ ក្រោមការជួយ ឧបត្ថម្ភគាំទ្រពីសំណាក់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួងសុខាភិបាល។