ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅទីស្តីការក្រសួងសុខាភិបាល បានទទួលជួបលោកស្រីវេជ្ជបណ្ឌិត Mandy Cohen នាយិកាមជ្ឈមណ្ឌលត្រួតពិនិត្យ បង្ការជំងឺឆ្លងសហរដ្ឋអាមេរិក រួមជាមួយ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា

នៅរសៀលថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ លោកស្រីវេជ្ជបណ្ឌិត Mandy Cohen នាយិកាមជ្ឈមណ្ឌលត្រួតពិនិត្យ បង្ការជំងឺឆ្លងសហរដ្ឋអាមេរិក រួមជាមួយ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (US-CDC) ការិយាល័យកណ្តាល ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅទីស្តីការក្រសួងសុខាភិបាល ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក និងប្រជាជនអាមេរិក តាមរយៈការផ្តល់ ជំនួយសហប្រតិបត្តិការបច្ចេកទេសដល់វិស័យសុខាភិបាល តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ The United States Agency for International Development (USAID) ជាពិសេសមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លង Center for Disease Control and Prevention (US-CDC) ដែលបានសហការចូលរួមគាំទ្រក្រសួងសុខាភិបាល និងរួមចំណែកលើកកំពស់សុខុមាលភាពប្រជាជនកម្ពុជា និងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធថែទាំសុខភាព ដែលមាន ភាពធន់ និងរឹងមាំនៅប្រទេសកម្ពុជា ជាច្រើននាពេលកន្លងមក ។

លោកស្រីវេជ្ជបណ្ឌិត Mandy Cohen នាយិកាមជ្ឈមណ្ឌលត្រួតពិនិត្យ បង្ការជំងឺឆ្លង របស់សហរដ្ឋអាមេរិក បានថ្លែងអបអរសាទរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសដែល ឯកឧត្តម ទទួលបានទំនុកទុកចិត្តពីរាជរដ្ឋាភិបាលអណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការដ៏ល្អ យ៉ាងជិតស្និតរវាងក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា និងមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លង Center for Disease Control and Prevention (US-CDC) ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ជំងឺរបេង ជំងឺគ្រុនចាញ់ គ្រុនផ្តាសាយបក្សី និងការគាំទ្រមន្ទីរពិសោធន៍ជាតិ និងមន្ទីរពិសោធន៍បណ្តុះមេរោគ គ្រប់គ្រងភាពស៊ាំនឹងថ្នាំសំលាប់មេរោគ និងការចូលរួមការពារសន្តិសុខសុខភាពសកល បន្ទាប់ពីបានបង្កើតការិយាល័យរបស់ខ្លួននៅកម្ពុជាចាប់តាំងពីឆ្នាំ២០០២មក ជាពិសេសគឺកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ព្រមទាំងផ្តល់នូវជំនួយវ៉ាក់សាំងកូវីដ-១៩ ផងដែរ។

លោកស្រីនាយិកា បានបញ្ជាក់ជំហរបន្តកិច្ចសហប្រតិបត្តិការរួមគ្នាពង្រឹងភាពជាដៃគូដើម្បីសម្រេចបាននូវគោលដៅដែល បានកំណត់ដោយផែនការយុទ្ធសាស្រ្តសុខាភិបាល២០២២-២០៣០ (HSP4) ព្រមទាំងសហការបន្តពង្រឹងសន្តិសុខសុខភាពសាកលបន្ថែមទៀត តាមរយៈការបន្តគាំទ្រការបណ្តុះបណ្តាលមន្ត្រីសុខាភិបាល ដើម្បីជួយក្នុងការអនុវត្តកម្មវិធីសុខភាពសាធារណៈនៅកម្ពុជា និងបន្តជួយក្រសួងសុខាភិបាលក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា លើការអនុវត្តផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥។
លោកស្រីនាយិកា ក៏បានសំដែងការកោតសរសើរខ្ពស់ចំពោះរាជរដ្ឋាភិបាលប្រទេសកម្ពុជា នៅក្នុងបរិបទនៃជំងឺកូវីដ-១៩ ដែលបានបង្ហាញអំពីសមត្ថភាព ភាពឈ្លាសវៃ និងភាពរឹងមាំ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាសាកលនេះ ដែលអត្រាប្រជាជនកម្ពុជាដែលទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ ខ្ពស់ ធៀបនឹងបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ជាពិសេស លោកស្រីវេជ្ជបណ្ឌិត Mandy Cohen នាយិកាមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក ការិយាល័យកណ្តាល និងតាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានបញ្ជាក់ជំហរបន្តគាំទ្រ រួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ក្រោម ការដឹកនាំដ៏ឈ្លាសវៃ និងមុះមុត ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

photo_2024-02-07_18-22-33 photo_2024-02-07_18-22-33 (2) photo_2024-02-07_18-22-28 (2) photo_2024-02-07_18-22-28 (3)photo_2024-02-07_18-22-29 (2) photo_2024-02-07_18-22-29 photo_2024-02-07_18-22-32 (2) photo_2024-02-07_18-22-32

photo_2024-02-07_18-22-27

photo_2024-02-07_18-22-28