ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យលោកស្រីសាស្ត្រាចារ្យ Emily CHAN Ying Yang និងនាយិកាប្រតិបត្តិមូលនិធិ GX Foundation ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ន

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យលោកស្រីសាស្ត្រាចារ្យ Emily CHAN Ying Yang និងនាយិកាប្រតិបត្តិមូលនិធិ GX Foundation ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណដល់ GX Foundation ដែលបានសហការ និងគាំទ្រក្រសួងសុខាភិបាល ក្នុងការអនុវត្តគម្រោងលុបបំបាត់ពិការភាពដោយសារជំងឺភ្នែកឡើងបាយ “Cataract Blindness Elimination Project” ដែលកន្លងមកបានជួយវះកាត់ភ្នែកឡើងបាយជូនប្រជាជននៅខេត្តកំពង់ចាម និងនៅខេត្តព្រៃវែង ព្រមទាំងតំបន់ជុំវិញផងដែរ។

លោកស្រីនាយិកាប្រតិបត្តិ GX Foundation បានអបអរសាទរ និងជូនពរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសដែល ឯកឧត្តម ទទួលបាននូវការទុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។ លោកស្រីនាយិកាប្រតិបត្តិមូលនិធិ GX Foundation បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីអំពីលទ្ធផលគួរជាទីគាប់ចិត្តដែលបានអនុវត្តនាពេលកន្លងមករួមមាននៅខេត្តកំពង់ចាម បានជួយវះកាត់ជំងឺភ្នែកឡើងបាយចំនួន ៦២០៨ករណី និងបានជួយឧបត្ថម្ភរថយន្តសម្រាប់ចល័តពិគ្រោះ និងព្យាបាលជំងឺភ្នែកចំនួនពីរគ្រឿង និងរថយន្ត២៤កៅអីចំនួន១គ្រឿង ជូនមន្ទីរពេទ្យបង្អែក និងមន្ទីរសុខាភិបាលខេត្ត សម្រាប់ដឹកអ្នកជំងឺភ្នែកពីភូមិ ឃុំ ស្រុក មកមន្ទីរពេទ្យបង្អែក និងជូនត្រឡប់ទៅផ្ទះវិញ។ រីឯនៅខេត្តព្រៃវែង GX Foundation មានកិច្ចព្រមព្រៀងជាមួយក្រសួងសុខាភិបាល សម្រាប់រយៈពេល ៣ឆ្នាំ ដោយចាប់ផ្តើមពី ខែកញ្ញា ឆ្នាំ២០២២ និងបញ្ចប់ខែកញ្ញា ឆ្នាំ២០២៥ ដែលមានគម្រោងវះកាត់ភ្នែកឡើងបាយជូនប្រជាជនឱ្យបានចំនួន ១ម៉ឺននាក់ក្នុង រយៈពេល៣ឆ្នាំ និងជួយឧបត្ថម្ភរថយន្តសម្រាប់ពិគ្រោះចល័ត និងព្យាបាលជំងឺភ្នែកចំនួនពីរគ្រឿង ជូនមន្ទីរពេទ្យបង្អែក និងមន្ទីរសុខាភិបាលខេត្ត។

ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់មូលនិធិ GX Foundation ជាពិសេស លោកស្រីនាយិកាប្រតិបត្តិមូលនិធិ GX Foundation និងស្នើសុំបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះទៅកាន់ខេត្តផ្សេងៗទៀត ដើម្បីរួមចំណែកជាមួយក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

photo_2023-09-07_17-12-41 photo_2023-09-07_17-12-43 photo_2023-09-07_17-12-55 photo_2023-09-07_18-00-40 photo_2023-09-07_18-00-41 photo_2023-09-07_18-00-42