រាជធានីភ្នំពេញ៖ ថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១០:០០ព្រឹក ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បុគ្គលិកទាំងអស់ នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ។
ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការទាំងអស់ នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ ដែលតែងតែយកចិត្តទុកដាក់ចូលរួមរាល់ការលើកកម្ពស់សុខភាពសាធារណៈ ផ្នែកខាងមន្ទីរពិសោធន៍ និងការបណ្តុះបណ្តាលសុខភាពសាធារណៈ ជាពិសេសក្នុងវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ថ្នាក់មន្ទីរសុខាភិបាលរាជធានី-ខេត្ត មន្ទីរពេទ្យបង្អែកខេត្ត-ស្រុក ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងមណ្ឌលសុខភាពទូទាំងប្រទេស។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី ក៏បានវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ ដែលបានតួនាទីយ៉ាងសកម្ម ក្នុងការឆ្លើយតបបន្ទាន់ ទាំងផ្នែកមន្ទីរពិសោធន៍ អង្កេតតាមដាន និងស្រាវជ្រាវ ក្នុងអំឡុងការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ នៅក្នុងសហគមន៍ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ដែលបានលះបង់ ទាំងកម្លាំងកាយ កម្លាំងចិត្ត និងពេលវេលា ដើម្បីសុខភាពប្រជាជនកម្ពុជា។
ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានស្នើឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បុគ្គលិកទាំងអស់ ត្រូវចេះស្រឡាញ់រាប់អានគ្នា ពង្រឹងវិន័យ សាមគ្គី និងឯកភាពផ្ទៃក្នុង ដើម្បីនាំមកនូវការរីកចំរើនថែមទៀតនៅក្នុងអង្គភាព និងសូមជូនពរថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។