ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបជាមួយសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា SSEAYP International Cambodia នៅទីស្តីការក្រសួងសុខាភិបាល

នៅរសៀលថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបជាមួយសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា SSEAYP International Cambodia នៅទីស្តីការក្រសួងសុខាភិបាល។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅ ដល់គណៈប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ដែលបានមកជួបសម្តែងការគួរសម និងស្នើសុំអនុសាសន៍ណែនាំតម្រង់ទិស ពីក្រសួងសុខាភិបាល មុននឹងគណៈប្រតិភូសមាគមទៅចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន(SSEAYP) លើកទី៤៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

លោក ហោ សំណាង ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បានជម្រាបជូនអង្គប្រជុំថា សមាគម នាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បង្កើតឡើងក្នុងគោលបំណងធំៗចំនួន៤៖ ១) ជាឆ័ត្រថែរក្សា និងពង្រឹងទំនាក់ទំនង មិត្តភាព សាមគ្គីភាពរវាងអតីតប្រតិភូយុវជនទាំងអស់ ២) រៀបចំវគ្គបណ្តុះបណ្តាលមុនពេលចេញដំណើរ ដើម្បីជាការចែករំលែកចំណេះដឹង និង បទពិសោធន៍គ្រប់ជ្រុងជ្រោយ ជូនប្រតិភូយុវជនជំនាន់ក្រោយ ឲ្យចូលរួមកម្មវិធីប្រកបដោយប្រសិទ្ធភាព និងភាពជោគជ័យ ៣) កៀគរធនធាន និងបំផុសទឹកចិត្តយុវជនឲ្យចេះផ្តួចផ្តើមគំនិតក្នុងការបង្កើត និងចូលរួមសកម្មភាពសង្គមឲ្យកាន់តែសកម្ម និងទី៤) ចូលរួមជួយសម្រេចឲ្យបាននូវគោលបំណងរបស់កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានអបអរសាទរ ប្អូនៗយុវជនដែលត្រូវបានជ្រើសរើសចូលរួមកម្មវិធី នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៧ “The Ship for Southeast Asian and Japanese Youth Program- SSEAYP” ដែលប្រតិភូយុវជនមកពីបណ្តាប្រទេសផ្សេងៗនឹងរួមគ្នា ក្នុងសកម្មភាពជាច្រើនដូចជា៖ ការពិភាក្សាជាក្រុមលើ ប្រធានបទផ្សេងទាក់ទងនឹង ការបង្ហាញសិល្បៈវប្បធម៌ ការស្នាក់នៅជាមួយឪពុកម្តាយធម៌ ទស្សនកិច្ចសិក្សា និងជាពិសេស គឺចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំប្រទេសជប៉ុន និងអាស៊ាន។ ឯកឧត្តមបានលើកទឹកចិត្ត ប្រតិភូយុវជនយើងឱ្យខិតខំក្រេបជញ្ជក់នូវបទពិសោធន៍នានាជាពិសេស គឺជំនាញទន់ដូចជា៖ ការបង្កើននូវការយល់ដឹងទៅវិញទៅមកនូវវប្បធម៌ក្នុងតំបន់ ការលើកកម្ពស់ចំណេះដឹង និងបទពិសោធន៍ក្នុងភាពជាអ្នកដឹកនាំ ការធ្វើការងារ និងរស់នៅជាក្រុម ការកសាងនូវបណ្តាញទំនាក់ទំនង និងការជម្រុញនូវកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ឯកឧត្តមសាស្ត្រចារ្យរដ្ឋមន្ត្រី បានលើកទឹកចិត្តប្រតិភូយុវជនកម្ពុជា ចូលរួមផ្សព្វផ្សាយអាទិភាពវិស័យសុខាភិបាល ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល មានដូ ចជា ៖
-បង្កើនសកម្មភាពអប់រំសុខភាព សំដៅលើកកម្ពស់សុខភាពពលរដ្ឋឱ្យកាន់តែប្រសើរឡើង
-ការប្រយុទ្ធនឹងជំងឺឆ្លង
-ការទប់ស្កាត់នឹងការរីករាលដាលនៃជំងឺឆ្លងជាសកលដែលជាបញ្ហាសុខភាពសាធារណៈ
-ការទប់ស្កាត់ជំងឺមិនឆ្លង
-ការទប់ស្កាត់ និង បង្ការជំងឺបណ្ដាលមកពីផលប៉ះពាល់បម្រែបម្រួលអាកាសធាតុ
-ការធ្វើឱ្យប្រសើរឡើងនូវការពិនិត្យ និងព្យាបាលជំងឺ នៅតាមសហគមន៍ ជាពិសេសមណ្ឌលសុខភាព
-លើកកម្ពស់គុណភាពការថែទាំសុខភាពនៅគ្រប់កម្រិត តាមរយៈការអភិវឌ្ឍន៍ធនធានមនុស្ស និងភាពជាអ្នកដឹកនាំនវានុវត្តន៍
-ការធ្វើនិយ័តកម្មលើសេវាសុខាភិបាលសាធារណៈ និងសេវាឯកជន
-ការអភិវឌ្ឍន៍សុខភាពឌីជីថល (Digital Health)។

ឯកឧត្តមសាស្ត្រចារ្យរដ្ឋមន្ត្រី បានណែនាំដល់ប្រតិភូនាវាយុវជនទាំងអស់ ត្រូវរៀបចំខ្លួនឱ្យបានសក្ដិសមជាកូនខ្មែរ ព្រោះប្រតិភូនេះហើយជាតំណាងឱ្យប្រជាជនខ្មែរទូទាំងប្រទេស ហើយក៏ត្រូវធ្វើយ៉ាងណា កសាងមិត្តភាពឱ្យបានច្រើនដើម្បីថ្ងៃអនាគតអាចក្លាយទៅជាដៃគូសហប្រតិបត្តិការដ៏ល្អ។ ឯកឧត្តមសាស្ត្រាចារ្យ ក៏បានជូនពរក្រុមនាវាយុវជនទាំងអស់ទទួលបាននូវជោគជ័យក្នុងកម្មវិធីនាវាយុវជននាពេលឆាប់ៗខាងមុខនេះផងដែរ។

photo_2023-11-10_22-26-10 photo_2023-11-10_22-26-14 photo_2023-11-10_22-26-15 photo_2023-11-10_22-26-19 photo_2023-11-10_22-26-25 photo_2023-11-10_22-26-27