នៅព្រឹកថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបលោក Joseph Scheuer អ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា (United Nations Resident Coordinator to Cambodia-UNRC)។

ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ បានស្វាគមន៍ និងថ្លែងអំណរគុណដល់ UNRC ប្រចាំប្រទេសកម្ពុជា ដែលបានសហការគាំទ្រក្រសួងសុខាភិបាល ក្នុងការងារលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា តាមរយៈទីភ្នាក់ងារអង្គការសហប្រជាជាតិនានា ប្រចាំកម្ពុជា នាពេលកន្លងមក។

លោក Joseph Scheuer អ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា បានថ្លែងអបអរសាទរ និងជូនពរ ឯកឧត្តមសាស្ត្រាចារ្យ ក្នុងឱកាសដែល ឯកឧត្តម ទទួលបាននូវការទុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។ លោកបានជម្រាបជូន ឯកឧត្តមរដ្ឋមន្រ្តី ថា UNRC បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តគោលការណ៍ជាតិ និងអន្តរជាតិ ដើម្បីធានានូវការទទួលបានសេវាសុខភាពប្រកបដោយគុណភាព និងសមធម៌ សម្រាប់ ប្រជាពលរដ្ឋគ្រប់រូប សំដៅបង្កើតបរិយាកាសប្រកបដោយវឌ្ឍនភាព ផលិតភាព និងសុខភាពល្អ និងដើម្បីចូលរួមចំណែកក្នុងការ សម្រេចបានការគ្របដណ្តប់សេវាសុខភាពជាសកល។

គួរបញ្ជាក់ផងដែរថា ក្រោមកិច្ចសហប្រតិបត្តិការល្អ និងជិតស្និតពីទីភ្នាក់ងារអង្គការសហប្រជាជាតិនានាប្រចាំនៅកម្ពុជា ក្រសួងសុខាភិបាលបានអនុវត្តនូវផែនការយុទ្ធសាស្ត្រជាច្រើនដំណាក់កាលជាបន្តបន្ទាប់ ប្រកបដោយជោគជ័យគួរជាទីមោទនៈ ជាពិសេសក្នុងបរិបទនៃការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ភ្នាក់ងារអង្គការសហប្រជាជាតិ មួយចំនួនបានធ្វើការសហការយ៉ាងជិតស្និទ្ធបំផុត គាំទ្រក្រសួងសុខាភិបាលក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ ដូចជា៖

-អង្គការសុខភាពពិភពលោក បានចូលរួមគាំទ្រផ្នែកបច្ចេកទេសដល់ក្រសួងសុខាភិបាល ដោយបានផ្តល់ការគាំទ្រ ផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងប្រតិបត្តិការក៏ដូចជាតាមរយៈការអភិវឌ្ឍ និងការអនុវត្តផែនការមេឆ្លើយតបទៅនឹងជំងឺរាតត្បាតជំងឺកូវីដ-១៩ របស់កម្ពុជា និងនាពេលអនាគត។
-ការត្រៀមលក្ខណៈ៖ អង្គការសហប្រជាជាតិបានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាល ដើម្បីត្រៀមលក្ខណៈ ប្រព័ន្ធសុខាភិបាលមូលដ្ឋានពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាលជួរមុខ និងបុគ្គលិកសង្គមការទិញការផ្គត់ផ្គង់សុខភាព និងឧបករណ៍ការពារផ្ទាល់ខ្លួន ចែកចាយទំនាក់ទំនងហានិភ័យ និងអនុវត្តវិធានការសុខភាពសាធារណៈ។
-ការចាក់ថ្នាំបង្ការ៖ អង្គការ WHO និងUNICEF បានគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍន៍ និង អនុវត្តផែនការជាតិសម្រាប់ការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ដោយការធ្វើផែនការ ការត្រួតពិនិត្យ ការគ្រប់គ្រងហានិភ័យ និងការចូលរួមសហគមន៍ ការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់វ៉ាក់សាំង និងការពង្រឹងប្រព័ន្ធត្រជាក់ដែលអនុញ្ញាតឱ្យកម្ពុជាធ្វើពិពិធកម្ម ផលប័ត្រវ៉ាក់សាំងរបស់ខ្លួនបន្ថែមទៀត ជាមួយនឹងអត្រាខ្ជះខ្ជាយតិចជាង ១%។
-វ៉ាក់សាំងកូវីដ-១៩៖ អង្គការសហប្រជាជាតិ បានសម្របសម្រួលក្នុងយន្តការ COVAX Facility និងការបរិច្ចាគ វ៉ាក់សាំងជំងឺកូវីដ-១៩ ដល់គោលដៅ។ គិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ វ៉ាក់សាំងកូវីដ-១៩ សរុបចំនួន ៥៣.៧លានដូស (៥.៩លានដូស កម្ពុជាទទួលបានតាមរយៈ COVAX Facility) ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់ទីភ្នាក់ងារអង្គការសហប្រជាជាតិទាំងអស់ប្រចាំនៅកម្ពុជា ព្រមទាំងស្នើសុំបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត គាំទ្រផែនការយុទ្ធសាស្ត្រថ្មីៗ របស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

photo_2023-11-10_19-46-48 photo_2023-11-10_19-46-49

photo_2023-11-10_19-46-41 photo_2023-11-10_19-46-42 photo_2023-11-10_19-46-45 photo_2023-11-10_19-46-46 photo_2023-11-10_19-46-47