នៅព្រឹកថ្ងៃពុធ ៩រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួង សុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួប ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងអំណរគុណដល់ប្រជាជននិងរាជរដ្ឋាភិបាលបារាំង តាមរយៈស្ថានទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលកន្លងមកតែងតែជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ ជាពិសេសវិស័យសុខាភិបាលតាមរយៈជំនួយអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យសុខាភិបាល និងគម្រោងសិក្សាស្រាវជ្រាវសុខភាពសាធារណៈ ជាច្រើន ក្រោមម្លប់សុខសន្តិភាព។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជម្រាបជូនភាគីបារាំងអំពីអាទិភាព ចំបង៣នៃអាទិភាពទាំង៩របស់វិស័យសុខាភិបាល ក្នុងអណត្តិទី៧ គឺ១)ការធ្វើឲ្យកាន់តែប្រសើរសេវាសុខភាពនៅមណ្ឌល សុខភាពតាមរយៈការកែលម្អហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល, ការបំពាក់ឧបករណ៍បរិក្ខារវេជ្ជសាស្ត្រ សមស្របការផ្កត់ផ្តង់ឱសថ ឲ្យបានគ្រប់គ្រាន់និងទាន់ពេលវេលា និងការពង្រឹងសមត្ថភាពបុគ្គលដើម្បីធានាការផ្តល់សេវាប្រកបដោយប្រសទ្ធិភាព សុវត្ថិភាព គុណភាព ២៤ម៉ោង៧ថ្ងៃ។ ២) ការពង្រឹងសមត្ថភាពមន្ទីរពេទ្យបង្អែកសុ្រកនិងខេត្ត តាមរយៈការធ្វើឲ្យប្រសើរឡើងផ្នែក សង្រ្គោះបន្ទាន់, ICU, ផ្នែកវៈកាត់ ផ្នែកមន្ទីរពិសោធន៍និងផ្នែករូបភាពវេជ្ជសាស្ត្រ និងទី៣) ការបង្កើនសមត្ថភាពថ្នាក់ដឹកនាំ សុខាភិបាលគ្រប់លំដាប់ថ្នាក់តាមរយៈការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំនិងនវានុវត្តន៍។
ជាកិច្ចឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអបអរសាទរនិងជូនពរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាស ដែល ឯកឧត្តមសាស្ត្រាចារ្យ ទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា ប្រទេសកម្ពុជាទទួលបានសន្តិភាព ស្ថិរភាព នយោបាយ និងកំណើនសេដ្ឋកិច្ចយ៉ាង ឆាប់រហ័សជាពិសេសបន្តនិរន្តរភាពការអភិវឌ្ឍន៍ និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបជូនអំពីលទ្ធផលគួរជាទីគាប់ចិត្តនៃកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល នាពេលកន្លងមកដូចជា កិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និង កិច្ចសហប្រតិបត្តិការគាំទ្រសាកល វិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងកិច្ចសហប្រតិបត្តិការបច្ចេកទេសជាមួយមន្ទីរពេទ្យកាល់ម៉ែត។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងជួយពង្រីកវិសាលភាពនៃកិច្ច សហប្រតិបត្តិការទ្វេភាគីកម្ពុជា-បារាំង លើវិស័យសុខាភិបាលបន្ថែមទៀត។
ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនដល់ប្រជាជន និង រដ្ឋាភិបាលបារាំង ជាពិសេសតាមរយៈ ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានបញ្ជាក់ជំហរគាំទ្ររួមចំណែកកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅ សម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាល អណត្តិទី៧ ក្រោមការ ដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។