នៅព្រឹកថ្ងៃពុធ ៩រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបជាមួយលោកស្រី Dena Fisher ប្រធានបេសកកម្មគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិប្រចាំប្រទេសកម្ពុជា និងក្រុមការងារ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណដល់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) ដែលបានសហការគាំទ្រ និងរួមចំណែកលើកកំពស់សេវាសុខាភិបាលនៅប្រទេសកម្ពុជា ដែលបានផ្តល់សេវាថែទាំ សុខភាពដល់ជនជាប់ឃុំ និងពង្រឹងទំនាក់ទំនងជាមួយប្រព័ន្ធសេវាថែទាំសុខភាពសាធារណៈ។
លោកស្រី Dena Fisher ប្រធានបេសកកម្មរបស់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ បានថ្លែងអបអរសាទរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសដែល ឯកឧត្តម ទទួលបានទំនុកទុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំង ជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។ លោកស្រីបានជម្រាបអំពីវឌ្ឍនភាពកិច្ចសហប្រតិបត្តិការជាមួយភាគីកម្ពុជា ជាពិសេសគម្រោង ជំនួយកម្មវិធីស្តារលទ្ធភាពពលកម្មកាយសម្បទា ដែលបានអនុវត្តក្នុងខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ និងខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា និងកម្មវិធីសុខភាពពន្ធនាគារ។ លោកស្រីប្រធានក៏បានបញ្ជាក់ជំហរយ៉ាងមុតមាំរបស់គណៈកម្មាធិការ កាកបាទក្រហមអន្តរជាតិក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងនូវការកោតសសើរចំពោះគម្រោងទាំងពីរដែលក្រសួងសុខាភិបាល នឹងបន្តគាំទ្រសហការជាមួយ ICRC និងបានថ្លែងអំណរគុណដល់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) ដែលបានរួមចំណែកជាមួយក្រសួងសុខាភិបាលឆ្លើយតប និងទប់ស្កាត់ការឆ្លងរាតត្បាតនៃកូវីដ-១៩ នៅតាមពន្ធនាគារបានយ៉ាងមាន ប្រសិទ្ធភាព និងទាន់ពេលវេលាបំផុត។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកទឹកចិត្ត គណៈកម្មាធិការកាកបាទក្រហម អន្តរជាតិ (ICRC) ប្រចាំប្រទេសកម្ពុជា បន្តកិច្ចសហប្រតិបត្តិការដែលមានស្រាប់ជាមួយក្រសួងសុខាភិបាល ដើម្បីរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជាឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្ត បញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមុះមុតប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។