នាព្រឹកថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបលោកស្រីវេជ្ជបណ្ឌិត Jaana Marianna Trias តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការ គាំទ្រក្នុងវិស័យសុខាភិបាល។
ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ប្រតិភូ ក៏ដូចជាបានអបអរសាទរជូនដល់លោកស្រីវេជ្ជបណ្ឌិត ដែលត្រូវបានជ្រើសតាំងក្នុងមុខដំណែង ជាតំណាងថ្មីរបស់អង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជម្រាបជូននូវស្ថានភាពសុខាភិបាលនៅកម្ពុជា ក៏ដូចជាលើកឡើងអំពីសមិទ្ធិផលសុខាភិបាលទាំងឡាយក្រោមកិច្ចសហប្រតិបត្តិការ និងជំនួយបច្ចេកទេសពីអង្គការសុខភាពពិភពលោក ជាមួយគ្នានេះឯកឧត្តមសាស្ត្រាចារ្យក៏បានលើកពីចំនុចអាទិភាពសុខាភិបាលជាចម្បងចំនួន៩ រួមមាន៖ (១) ការអប់រំសុខភាពជូនដល់ប្រជាពលរដ្ឋ ក្នុងការបង្ការជាមុនបញ្ហាជំងឺផ្សេង (២) ការប្រយុទ្ធប្រឆាំងជំងឺឆ្លងទាំងជំងឺ Covid-19 ក៏ដូចជាជំងឺថ្មីៗ ដែលនឹងអាចកើតមាន (៣) កាប្រយុទ្ធប្រឆាំង និងបង្ការជំងឺរាតត្បាតជាសកល (៤) ការប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លង ដូចជា ទឹកនោមផ្អែម មហារីក ជំងឺលើសសម្ពាធឈាម ជំងឺបេះដូង សរសៃឈាមជាដើម (៥) ការប៉ះពាល់សុខភាព ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ (៦) គម្រោងកិច្ចគាំពារសង្គម ជាពិសេសលើវិស័យសុខាភិបាល (៧) យន្តការធានាគុណភាពសុខាភិបាល និងនិយ័តកម្មសុខាភិបាល ទាំងផ្នែករដ្ឋ និងឯកជន (៨) ការបណ្តុះបណ្តាលអភិវឌ្ឍន៍ធនធានមនុស្ស និងទី (៩) ការពង្រឹងភាពជាអ្នកដឹកនាំក្នុងវិស័យសុខាភិបាល ដែលស្របតាមផែនការយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអណត្តិទី៧ នេះ។
លោកស្រីវេជ្ជបណ្ឌិត Jaana Marianna Trias តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ក៏ដូចជាការសម្តែងការអបអរសាទរ និងជូនពរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសដែលឯកឧត្តម ទទួលបាននូវការទុកចិត្តពីរាជរដ្ឋាភិបាល តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។ លោកស្រីវេជ្ជបណ្ឌិតបានលើកឡើងអំពី ប្រវត្តិនៃអង្គការសុខភាពពិភពលោក ក៏ដូចជាការចូលរួមចំណែក ក្នុងវិស័យសុខាភិបាលរបស់ប្រទេសកម្ពុជា ដើម្បីគោលដៅឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល (UHC) ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុខភាពប្រជាជន និងភាពជាដៃគូដ៏រឹងមាំរវាង WHO និងក្រសួងសុខាភិបាល។ បន្ថែមពីនេះទៀត លោកស្រីវេជ្ជបណ្ឌិត បានជម្រាបជូនដោយផ្តោតលើ WHO’s Fourteenth General Program of Work 2025-2028 និងយុទ្ធសាស្ត្រសហប្រតិបត្តិការកម្ពុជា-WHO (Country Cooperation Strategic 2024-2028) ដែលពិតជាមានចំនុចបន្ស៊ីគ្នាយ៉ាងល្អប្រសើរ បញ្ជាក់ពីកត្តាជោគជ័យក្នុងយុទ្ធសាស្ត្រសហប្រតិបត្តិការភាពជាដៃគូសំដៅឆ្ពោះទៅរកគោលដៅដែលបានកំណត់ទុករួមគ្នាក្នុង គោលដៅអភិវឌ្ឍន៍ប្រកបដោយចេរភាពរបស់កម្ពុជា។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណអង្គការសុខភាពពិភពលោកដែលមានកិច្ចសហប្រតិបត្តិការជិតស្និតកន្លងមក និងសំណូមពរឱ្យបន្តកិច្ចសហប្រតិបត្តិការ ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាព ដើម្បីចូលរួមចំណែក ក្នុងការសម្រេចឱ្យបាននូវផែនការយុទ្ធសាស្ត្រសុខាភិបាល ក៏ដូចជាចំណុចជាអាទិភាពសុខាភិបាល ដើម្បីឈានទៅរកការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។