ការយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាពគ្រូពេទ្យ គឺជម្រុញឲ្យការផ្តល់សេវាពិនិត្យនិងព្យាបាលជំងឺកាន់តែបានល្អប្រសើរឡើងនៅមន្ទីរពេទ្យកាល់ម៉ែត្រសម្រាប់បម្រើប្រជាជនទូទៅ។ នេះជាប្រសាសន៌របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង ថ្លែងក្នុងពិធីបើកទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រ ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃព្រហស្បត៌ទី១៨ ខែឧសភា ឆ្នាំ២០១៧ នៅមន្ទីរពេទ្យកាល់ម៉ែត ដោយមានការសហការយ៉ាងជិតស្និទ្ធិ រវាងគណៈកម្មាធិការទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រ និងមន្ទីរពេទ្យ។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមទៀតថា ទិវានេះត្រូវបានប្រារព្ធធ្វើឡើងក្នុងគោលបំណង បញ្ជាក់ឲ្យឃើញនូវសាមគ្គីភាពយ៉ាងស្អិតរមួតរវាងបណ្តាអ្នកឯកទេសតាមជំនាញដើម្បីបង្ហាញនូវប្រធាន បទជាច្រើន និងពិភាក្សាដកយកបទពិសោធន៍ពីគ្នាទៅវិញទៅមក លើដំណើរជឿនលឿនតាមបច្ចេកទេសវេជ្ជសាស្ត្រ-សល្យសាស្ត្រ ក្នុងការពិនិត្យ និងព្យាបាលជំងឺទាន់បច្ចុប្បន្នភាព និងជំរុញឲ្យឈានទៅរកការអភិវឌ្ឍកាន់តែប្រសើរឡើងថែមទៀត។
លើសពីនេះប្រធានបទដែលនឹងបង្ហាញជូនក្នុងទិវានេះ ជាចំណេះដឹងល្អថ្មីៗជាទុនដ៏ប្រសើរបន្ថែម សម្រាប់សហភាតរៈទាំងអស់ទទួលបាននូវបច្ចេកវិជ្ជាកាន់តែខ្ពស់ឆ្លើយតបទៅនឹងការរីកចម្រើនសម្រាប់ពេលបច្ចុប្បន្ន និងទៅអនាគតលើវិស័យវេជ្ជសាស្ត្រ។
ព័ត៌មានទទួលបានពីមន្ទីរពេទ្យកាល់ម៉ែត្រ។