កម្ពុជា សម្រេចបាននូវគោលដៅជាតិនិង គោលដៅតំបន់ប៉ាស៊ីហ្វិកខាងលិចក្នុងការ ប្រយុទ្ធនឹងជំងឺរលាកថ្លើមប្រភេទបេ លើកុមារ

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីប្រទេសកម្ពុជាបានសម្រេចគោលដៅជាតិ និងតំបន់ប៉ាស៊ីហ្វិកខាងលិចក្នុងការប្រយុទ្ធនឹងជំងឺរលាកថ្លើមប្រភេទបេ លើកុមារ នៅទីស្តីការក្រសួងសុខាភិបាល នារសៀលថ្ងៃសុក្រ ១០ រោច ខែជេស្ឋ ឆ្នាំច សំរឺទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល (ដោយមានការចូលរួមពីសំនាក់លោកវេជ្ជបណ្ឌិត Liu Yunguo តំណាងអង្គការសុខភាពពិភពលោក ប្រចាំនៅកម្ពុជា និងលោកស្រី Natascha Paddison នាយិការងអង្គការយូនីសេហ្វ ប្រចាំនៅកម្ពុជា លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល លោកស្រីសាស្ត្រាចារ្យ ទុង រដ្ឋាវី ប្រធានមជ្ឍមណ្ឌលជាតិគាំពារមាតានិងទារក និងឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួងសុខាភិបាល មន្ត្រី បុគ្គលិកសុខាភិបាល ព្រមទាំងដៃគូអភិវឌ្ឍសុខាភិបាល) បានប្រកាសថា “​ប្រទេសកម្ពុជា ត្រូវបានអង្គការសុខភាពពិភពលោក ទទួលស្គាល់ថាជាប្រទេសបានសម្រេច គោលដៅជាតិ និងតំបន់ប៉ាស៊ីហ្វិកខាងលិចក្នុងការប្រយុទ្ធនឹងជំងឺរលាកថ្លើមប្រភេទបេ លើកុមារ’ ដែលសមិទ្ធិផលដ៏គួរឲ្យមោទនៈនេះ គឺបានមកពីការគាំទ្រសព្វបែបយ៉ាង និងការយកចិត្តទុកដាក់ខ្ពស់លើសុខភាពមាតា ទារកនិងកុមារ ព្រមទាំងប្រជាជនទូទៅ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបន្តទៀតថា ៖ នៅមុនឆ្នាំ២០០៥ មុនពេលបញ្ចូលវ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទបេ ទៅក្នុងកម្មវិធី ផ្តល់ថ្នាំបង្ការនៅកម្ពុជាមានការឆ្លងរាលដាលជំងឺរលាកថ្លើមប្រភេទបេ ជាច្រើន។ តាមការប៉ាន់ស្មាន របស់អង្គការសុខភាពពិភពលោក និងតាមការអង្កេតជាច្រើនបានបង្ហាញថា អត្រាផ្ទុកវីរុសរលាកថ្លើម ប្រភេទបេ ក្នុងចំណោមប្រជាជនទូទៅមានប្រមាណចន្លោះពី៥% ទៅ ១០%។
នៅឆ្នាំ២០០៦ ការអង្កេតមួយធ្វើឡើងដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ កម្មវិធីជាតិផ្តល់ថ្នាំបង្ការ និងមានការគាំទ្រដោយអង្គការសុខភាពពិភពលោក និងអង្គការ PATH នៅទូទាំង ប្រទេសទៅលើកុមារអាយុក្រោម៥ឆ្នាំ។ លទ្ធផលបានបង្ហាញថា ប្រេវ៉ាឡង់នៃជំងឺរលាកថ្លើមប្រភេទបេ លើកុមារមាន ៣.៥%។ នៅឆ្នាំ២០១១ ការអង្កេតមួយបានធ្វើឡើងដោយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងគាំទ្រដោយអង្គការសុខភាពពិភពលោក ទៅលើកុមារអាយុ៥ឆ្នាំ នៅក្នុងរាជធានីភ្នំពេញ-ខេត្ត ក្រចេះ និងរតនគីរី។ លទ្ធផលបានបង្ហាញថា ប្រេវ៉ាឡង់នៃជំងឺរលាកថ្លើមប្រភេទបេលើកុមារមានភាពខុសប្លែកគ្នាទៅតាមរាជធានី-ខេត្ត ដោយនៅរាជធានីភ្នំពេញប្រេវ៉ាឡង់នៃជំងឺរលាកថ្លើមប្រភេទបេ លើកុមារមានត្រឹមតែ ០.៣៣% នៅខេត្តក្រចេះមាន ១.៤១% និងនៅខេត្តរតនគីរី មានរហូតដល់ ៣.៤៥%។

ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជាបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការកាត់បន្ថយការចម្លងវីរុសរលាកថ្លើមប្រភេទបេ តាមរយៈការបញ្ចូលវ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទបេ ទៅក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការនៅទូទាំងប្រទេសនាឆ្នាំ២០០៥។ ចាប់ពីពេលនោះមក វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទបេ ត្រូវបានផ្តល់ដល់ទារកចាប់ពីពេលកើត (ក្នុងអំឡុងពេល២៤ម៉ោង) និងផ្តល់ជាបន្តបន្ទាប់ចំនួន៣ដូសបន្ថែមទៀត នៅពេលទារកមានអាយុ ៦ សប្តាហ៍ ១០សប្តាហ៍ និង១៤សប្តាហ៍។ ការផ្តល់ថ្នាំបង្ការជំងឺដល់ទារក និងកុមារ ជាសកម្មភាពអទិភាពចម្បងដែលមន្ត្រី បុគ្គលិកសុខាភិបាលទាំងអស់គ្រប់ជាន់ថ្នាក់អនុវត្តយ៉ាងសកម្មដោយមានការគាំទ្រពីអង្គការដៃគូអភិវឌ្ឍន៍ និងមានការចូលរួមពីសហគមន៍ និងអជ្ញាធរមូលដ្ឋាន។ ជាលទ្ធផល អត្រាគ្របដណ្តប់នៃការផ្តល់ថ្នាំបង្ការជំងឺរលាកថ្លើមប្រភេទបេ មានការកើនឡើងគួរឱ្យកត់សំគាល់ ដោយអត្រាគ្របដណ្តប់នៃការផ្តល់ថ្នាំបង្ការនៅពេល២៤ម៉ោង ក្រោយកើតកើនពី២៤% នៅឆ្នាំ២០០៥ ដល់ ៧១% នៅឆ្នាំ២០១០ និង៨៤% នៅឆ្នាំ២០១៧។ ឯអត្រាគ្របដណ្តប់នៃការផ្តល់ថ្នាំបង្ការ៣ដូសទៀត កើនពី៨៣% នៅឆ្នាំ២០០៥ ដល់៩២% នៅឆ្នាំ២០១០ និង៩៨% នៅឆ្នាំ២០១៧។

ផ្អែកតាមលទ្ធផលនេះ អង្គការសុខភាពពិភពលោកបានស្នើឱ្យមានការអង្កេតស្រាវជ្រាវម្តងទៀត ដើម្បីវាយតម្លៃប្រេវ៉ាឡង់ជំងឺរលាកថ្លើមប្រភេទបេលើកុមារនៅកម្ពុជា ធៀបទៅនឹងគោលដៅ តំបន់របស់អង្គការសុខភាពពិភពលោក ដែលបានកំណត់កាត់បន្ថយប្រេវ៉ាឡង់ជំងឺរលាកថ្លើមប្រភេទ បេ ក្នុងចំណោមកុមារឱ្យនៅតិចជាង១% នៅឆ្នាំ២០១៧។ ការអង្កេតត្រូវបានធ្វើឡើងដោយសាកល វិទ្យាល័យហ៊ីរ៉ូស៊ីម៉ា អង្គការសុខភាពពិភពលោក US-CDC និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ ជាលទ្ធផល ប្រេវ៉ាឡង់ជំងឺរលាកថ្លើមប្រភេទបេ លើកុមារមានត្រឹមតែ ០.៥៦% ប៉ុណ្ណោះ។
លទ្ធផលដែលបានពីការអង្កេតនេះ ត្រូវបានពិនិត្យដោយក្រុមការងារវាយតម្លៃឯករាជ្យមួយ (Regional Independent Verification Panel) ដឹកនាំដោយលោកវេជ្ជបណ្ឌិត John Ward នាយកកម្មវិធីលុបបំបាត់ជំងឺរលាកថ្លើមដោយវីរុស/ក្រុមការងារសុខភាពសកល លោកវេជ្ជបណ្ឌិត Jong-Hyun Kim សាស្ត្រាចារ្យនៅសាកលវិទ្យាល័យកាតូលិកកូរ៉េ និងលោកវេជ្ជបណ្ឌិត Mark Kane ទីប្រឹក្សាបច្ចេកទេសផ្នែកវ៉ាក់សាំងរបស់អង្គការសុខភាពពិភពលោក។
ក្រុមការងារវាយតម្លៃនេះបានធ្វើការសន្និដ្ឋានថា ប្រទេសកម្ពុជាបានសម្រេចគោលដៅជាតិ និងគោលដៅតំបន់ប៉ាស៊ីហ្វិកខាងលិច ក្នុងការប្រយុទ្ធនឹងជំងឺរលាកថ្លើមប្រភេទបេ លើកុមារ។
ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែផ្តល់នូវការគាំទ្រសព្វបែបយ៉ាងលើសុខភាពមាតា ទារក និងកុមារ ជាពិសេស និងដល់ប្រជាជនកម្ពុជាទូទៅ និយាយជារួម ដែលធ្វើឲ្យក្រសួងសុខាភិបាលអាចសម្រេចបាននូវសមិទ្ធផលជាច្រើន។ ជាក់ស្តែងថ្ងៃនេះ កម្ពុជាទទួលបាននូវការបញ្ជាក់ពីអង្គការសុខភាពពិភពលោកថា ប្រទេសកម្ពុជាបានសម្រេចតាមគោលដៅប្រយុទ្ធនឹងជំងឺរលាកថ្លើមប្រភេទបេ នៅឆ្នាំ២០១៧នេះ ជាសក្ខីភាពជាក់ស្តែង។
ខ្ញុំក៏សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកសុខាភិបាលគ្រប់ជាន់ថ្នាក់ ព្រមទាំងអាជ្ញាធរមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍសុខាភិបាលទាំងអស់ ដែលបានខិតខំធ្វើសកម្មភាព និងផ្តល់ការគាំទ្រលើកម្មវិធីជាតិផ្តល់ថ្នាំបង្ការ ដែលធ្វើឲ្យប្រេសកម្ពុជាសម្រេចបាននូវសមិទ្ធផលនាថ្ងៃនេះ។
ខ្ញុំសូមថ្លែងអំណរគុណជាអនេកដល់មាតា បិតា និងអាណាព្យាបាលទាំងអស់ ដែលបាននាំបុត្រា បុត្រី មកទទួលថ្នាំបង្ការជំងឺរលាកថ្លើមប្រភេទបេ។ ខ្ញុំសូមជំរុញឲ្យមាតា បិតា និងអាណាព្យាបាលទាំងអស់បន្តនាំកូន ចៅមកទទួលថ្នាំបង្ការបន្តទៀតឲ្យបានគ្រប់មុខទៅតាមកម្មវិធីថ្នាក់ជាតិ។

ភ្ជាប់មកជាមួយនេះ នូវសេចក្តីប្រកាសព័ត៌មានស្តីពីប្រទេសកម្ពុជាបានសម្រេចគោលដៅជាតិ និងតំបន់ប៉ាស៊ីហ្វិកខាងលិចក្នុងការប្រយុទ្ធនឹងជំងឺរលាកថ្លើមប្រភេទបេ លើកុមារ របស់ក្រសួងសុខាភិបាលជាភាសាខ្មែរនិងផាសាអង់គ្លេស។34788675_1784621271576971_6615694226615173120_o

ព័ត៌មានទទួលបានពីអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។