ការចូលរួមប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយនិងអន់គុណភាព​ និងប្រេីប្រាស់បច្ចេកវិទ្យាវេជ្ជសាស្ត្រ​ត្រឹមត្រូវ​ ដេីម្បីឆ្ពោះទៅរកសុខភាពជាសាកល

(ញូដេលី)៖​ ការចូលរួមប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយនិងអន់គុណភាព​ និងប្រេីប្រាស់បច្ចេកវិទ្យាវេជ្ជសាស្ត្រ​ត្រឹមត្រូវ​ ដេីម្បីឆ្ពោះទៅរកសុខភាពជាសាកល​ និងពង្រឹងការផ្តល់សេវាសុខាភិបាលប្រកបដោយប្រសិទ្ធិភាពខ្ពស់នៅតំបន់អាស៊ី​៖

នាថ្ងៃុពុធ​ ៣រោច ខែអស្សុជ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦​ ខែតុលា ឆ្នាំ២០១៩ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល អញ្ជើញចូលរួមកិច្ចប្រជុំអន្តរជាតិស្តីអំពី​ “Asia Health 2019” នៅទីក្រុងញូដេលី​(New Delhi) ប្រទេសឥណ្ឌា​ ដែលមានអ្នកចូលរួមជាថ្នាក់ដឹកនាំ មន្ត្រីជំនាញ សាស្ត្រាចារ្យ អ្នកស្រាវជ្រាវវិទ្យាសាស្ត្រសុខភាព ក្រុមហ៊ុនឱសថ​និងបរិក្ខាពេទ្យ​ មន្ទីរពេទ្យឯកជននៅឥណ្ឌា​ និងធុរកិច្ចឯកជនអន្តរជាតិផ្នែកបច្ចេកវិទ្យាវេជ្ជសាស្ត្រ​ សរុបចំនួនប្រមាណ១៧០នាក់។

ក្នុងពេលស្នាក់នៅ​ និងបំពេញបេសកកម្មដែលមានរយៈពេលពីថ្ងៃទី១៦​ ដល់ទី១៩​ ខែតុលា ឆ្នាំ២០១៩ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលនូវការស្នេីសុំពីអង្គប្រជុំផ្តល់ជាកិត្តិយសអញ្ជេីញថ្លែងសន្ទរកថាគន្លឹះនៅក្នុងពិធីបេីកកិច្ចប្រជុំ​ “ASIA Health 2019” រួមជាមួយឯកឧត្តមវេជ្ជបណ្ឌិត​ ហាស​ វ៉ាដហាន់​ (H.E. Dr. Harsh Vardhan, Honorable Minister of Health and Family Welfare) រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងសុខមាលភាពគ្រួសារនៃសាធារណ:រដ្ឋឥណ្ឌា​។ ក្នុងសន្ទរកថាដ៏មានខ្លឹមសារនេះ​ លោកជំទាវបានលេីកឡេីងពីការរយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាលើសុខភាពប្រជាជនកម្ពុជាទូទៅ​ និងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដោយមិនអាចបំភ្លេចបានជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី​ ក្នុងការសង្គ្រោះនិងកសាងប្រទេសកម្ពុជាជាពិសេសការជួយគាំទ្ររបស់សម្តេចលេីការកសាងវិស័យសុខាភិបាលតាំងពីបាតដៃទទេ​ ព្រមទាំងការរក្សាបាននូវសុខសន្តិភាព​ ស្ថេរភាព​នយោបាយ និងការអភិវឌ្ឍន៌ប្រទេសបានរីកចម្រេីនដូចសព្វថ្ងៃនេះ។ លោកជំទាវ​ បានលើកពីកិច្ចខិតខំប្រឹងប្រែងក្នុងវិស័យសុខាភិបាល​ ក្នុងការអភិវឌ្ឍហិដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត​ និងបណ្តុះបណ្តាលធនធានមនុស្ស​ ដេីម្បីផ្តល់សេវាសុខភាពជូនប្រជាជនកម្ពុជា​ កិច្ចខិតខំប្រយុទ្ធនឹងជំងឺឆ្លង​ផងនិងឆ្លេីយតបបញ្ហាជំងឺមិនឆ្លងផង​ ព្រមទាំងការអនុវត្តន៌គោលនយោបាយគាំពារសុខភាពសង្គម​ឈ្ពោះទៅរកសុខភាពជាសាកល​ និងបានស្នើសុំឲ្យមានកិច្ចសហការ-សហប្រតិបត្តិការបន្ថែមទៀតពីក្រសួងសុខាភិបាលឥណ្ឌានិងពីដៃគូសុខាភិបាលទាំងរដ្ឋនិងឯកជន​នៅឥណ្ឌានេះ លេីផ្នែកបច្ចេកវិទ្យាពេទ្យ​ ព្រមទាំងការបណ្តុះបណ្តាលសម្រាប់ការអភិវឌ្ឍធនធានមនុស្សលេីបច្ចេកវិទ្យាពិនិត្យនិងព្យាបាលជំងឺ​ផងដែរ។

ទន្ទឹមនឹងនោះ​ លោកជំទាវរដ្ឋលេខាធិការ​ បានជម្រាបជូនអង្គប្រជុំបន្ថែមថា៖​ គំនិតផ្តួចផ្តេីមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ​នាយករដ្ឋមន្ត្រីកម្ពុជា​ លេីការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយនិងអន់គុណភាព​ ដែលសម្តេចបានថ្លែងសន្ទរកថាបេីកកិច្ចប្រជុំថ្នាក់មហាអនុតំបន់ទន្លេមេកុងនាខែវិឆ្ឆិកា​ ឆ្នាំ២០១៨​ កន្លងទៅ​ បានក្លាយទៅជាប្រធានបទវិប្បស្សនានៃកិច្ចប្រជុំលេីកទី១៤​ រដ្ឋមន្ត្រីសុខាភិបាលអាស៊ាន​ នាខែសីហា​ ឆ្នាំ២០១៩​ ហេីយរដ្ឋមន្ត្រីសុខាភិបាលអាស៊ានទាំង១០​ បានគាំទ្រគំនិតផ្តួចផ្តេីមរបស់សម្តេចតេជោទាំងស្រុង​ ដោយបានឯកភាពគ្នាចេញសេចក្តីប្រកាសរួម​និងបានដាក់បញ្ចូលប្រធានបទប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយនិងអន់គុណភាពក្នុងសេចក្តីប្រកាសរួមនេះ​ ដោយគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយនិងអន់គុណភាពក្នុងតំបន់និងក្នុងប្រទេស​។ លោកជំទាវរដ្ឋលេខាអិការ​ បានជម្រាបនិងស្វាគមន៌ដល់ភ្ញៀវអន្តជាតិទាំងអស់អញ្ជេីញចូលរួមវេទិកាអន្តរជាតិអាស៊ី-អឺរ៉ុប​ ស្តីពីការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយនិងអន់គុណភាព​ នៅពាក់កណ្តាលឆ្នាំ២០២០​ នៅខេត្តសៀមរាប​ ប្រទេសកម្ពុជា​ ដែលលទ្ធផលបានពីវេទិកាដ៏មានសារសំខាន់នេះ​ នឹងដាក់បញ្ចូលទៅក្នុងកិច្ចប្រជុំ​កំពូលអាស៊ី-អឺរ៉ុបលេីកទី១៣​ (13th ASIA-Europe Summit) ដែលនឹងត្រូវរៀបចំដឹកនាំកិច្ចប្រជុំដោយសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា​ នាឆ្នាំ២០២០ខាងមុខនេះ។ លេីសពីនេះ​ លោកជំទាវរដ្ឋលេខាធិការក្រសួងសុខាភិបាល​ បានអំពាវនាវឲ្យមានការខិតខំរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយនិងអន់គុណភាព​ ដេីម្បីឆ្ពោះទៅរកសុខភាពជាសាកលនិងពង្រឹងការផ្តល់សេវាប្រកបដោយប្រសិទ្ធិភាពនៅតំបន់អាស៊ី​យេីងនេះ ជាពិសេសសុំឲ្យមានការចូលរួមយ៉ាងសកម្មពីវិស័យឯកជនដែលធ្វេីធុរកិច្ចផ្នែកឱសថនិងសម្ភារ:បរិក្ខាពេទ្យនៃប្រទេសឥណ្ឌា​ លេីកិច្ចការដ៏សំខាន់នេះផងដែរ។

គួរកត់សម្គាល់ថា នៅក្នុងបទអន្តរាគមន៍ថ្លែងនៅក្នុងកិច្ចប្រជុំដ៏មានសារសំខាន់ខាងលើនេះ លោកជំទាវរដ្ឋលេខាធិការបានបង្ហាញពីស្ថានភាពនៃបន្ទុកជំងឺមិនឆ្លងនៅកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងអនុវត្តផែនការយុទ្ធសាស្ត្រសុខាភិបាលជាតិ ​២០១៦-២០២០​ និងផែនការសកម្មភាពពហុវិស័យជាតិ ស្តីពីការការពារនិងការប្រយុទ្ធនឹងជំងឺ មិនឆ្លង ឆ្នាំ២០១៨-២០២៧ របស់ក្រសួងសុខាភិបាល​ផងដែរ​ និងបានលេីកឡេីងថា​ វិស័យសុខាភិបាល ជាវិស័យមួយដែលសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្ស ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា និងនៅថ្នាក់សកល (MDGs 4, 5 and 6) មុនកាលកំណត់​ ក្រោមការដឹកនាំរបស់ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមន្រ្តីក្រោមឱវាទទាំងអស់។ លោកជំទាវរដ្ឋលេខាធិការ ក៏បានវាយតម្លៃខ្ពស់លើការអភិវឌ្ឍន៍និងទំនាក់ទំនងល្អរវាង ឥណ្ឌានិងកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការ ក្នុងវិស័យ​ ដែលផ្តល់អត្ថប្រយោជន៍ជាក់ស្តែងជូនដល់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសលើការកសាងធនធានមនុស្ស និងបច្ចេកវិទ្យាសុខាភិបាល។ លោកជំទាវរដ្ឋលេខាធិការនិងគណៈប្រតិភូ ក៏បានពិនិត្យមេីលនិងស្វែងយល់បន្ថែមទៀតនូវបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនេីបពីការតាំងពិព័ណសម្ភារ:បរិក្ខាពេទ្យនានានៅឯកិច្ចប្រជុំខាងលេីនេះផងដែរ។
72416685_2545321292173628_3883693425442160640_n
72483575_2545321702173587_7864446291365855232_n

72573412_2545321548840269_2224559825423958016_n

ព័ត៌មានទទួលបានពីគណ:ប្រតិភូនៅទីក្រុងញូដេលីនៃប្រទេសឥណ្ឌា។