ខេត្តកំពង់ធំ៖ រសៀលថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងប្រតិភូក្រសួងសុខាភិបាល រួមជាមួយ ឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្តកំពង់ធំ បានអញ្ជើញចុះពិនិត្យការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ និងពិនិត្យហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានសាធារណៈសុខាភិបាល នៅមណ្ឌលសុខភាពប្រឡាយ មន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ និងមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក។
ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានការអញ្ជើញចូលរួមអមដំណើរដោយ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមទីប្រឹក្សាឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត អភិបាលនៃគណ:អភិបាលខេត្តកំពង់ធំ អគ្គនាយកបច្ចេកទេសសុខាភិបាល និងលោក លោកស្រី ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ធំ និងក្រុមការងារបច្ចេកទេស ព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។
សូមបញ្ជាក់ដែរថា ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី រួមជាមួយប្រតិភូក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យស្ថានភាពសុខាភិបាលនៅខេត្តជុំវិញបឹងទន្លេសាប ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ។
ជាលទ្ធផលនៃដំណើរបេសកកម្មរយ:ពេល៤ថ្ងៃនេះ ប្រតិភូ និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានចុះពិនិត្យផ្ទាល់នៃការផ្តល់សេវាសាធារណៈ យល់ពីសុខទុក្ខមន្រ្តីរាជការ និងតម្រូវការបន្ថែម ដើម្បីកែលម្អ ការផ្តល់សេវាមូលដ្ឋានសាធារណៈ ឱ្យដល់ប្រជាពលរដ្ឋ ស្របទៅនឹងគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលដំណាក់កាលទី១ ដែលផ្តោតលើកសុខុមាលភាពប្រជាជន ទាំងការផ្តល់សេវា និងគាំពារសង្គម។ ដំណើរបេសកកម្មលើកទី១ ជុំវិញបឹងទន្លេនេះ ប្រព្រឹត្តទៅដោយរលូន មានការចូលរួមអបអរសាទរពីមន្រ្តីរាជការ បុគ្គលិកសុខាភិបាល ក៏ដូចជាអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងសាធារណៈជនដែលជាអ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ។