ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបលោកស្រី Jane Madden ប្រធានក្រុមប្រឹក្សាភិបាល មូលនិធិហ្រ្វេតហូឡូកម្ពុជា The Fred Hollows Foundation (FHF)

នៅព្រឹកថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបលោកស្រី Jane Madden ប្រធានក្រុមប្រឹក្សាភិបាល មូលនិធិហ្រ្វេតហូឡូកម្ពុជា The Fred Hollows Foundation (FHF)។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណដល់ មូលនិធិហ្រ្វេតហូឡូ ដែលបានសហការគាំទ្រកម្មវិធីជាតិសុខភាពភ្នែកនៃក្រសួងសុខាភិបាលដើម្បីចូលរួមគាំទ្រសេវាសុខភាពភ្នែកឱ្យកាន់តែមានគុណភាពល្អជូនដល់ ប្រជាជនកម្ពុជាបានអំពីលទ្ធផលគួរជាទីគាប់ចិត្ត តាមរយៈកិច្ចសហការជិតស្និតជាមួយកម្មវិធីជាតិសុខភាពភ្នែក និងមន្ទីរសុខាភិបាលរាជធានី-ខេត្តគោលដៅចាប់តាំងពីឆ្នាំ១៩៩៨មក។

លោកស្រី Jane Madden ប្រធានក្រុមប្រឹក្សាភិបាល មូលនិធិហ្រ្វេតហូឡូកម្ពុជា បានថ្លែងអបអរសាទរ និងជូនពរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសដែល ឯកឧត្តមទទួលបាននូវការទុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។ លោកស្រីសូមថ្លែងអំណរគុណ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានជ្រាបយ៉ាងច្បាស់ពីសកម្មភាពការងាររបស់មូលនិធិ និងបានជម្រាបជូនបន្ថែមថា មូលនិធិបានអនុវត្តគម្រោងជាច្រើនដូចជា ជួយព្យាបាលជំងឺភ្នែកដែលអាចបង្ការបាន ដោយចូលរួមគាំទ្រការវះកាត់ជំងឺភ្នែកជូនប្រជាជនកម្ពុជាដោយឥតគិតថ្លៃ ផ្តល់ជំនួយបច្ចេកទេសក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកចក្ខុសាស្ត្រទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈកម្មវិធីជាតិសុខភាពភ្នែក និងចូលរួមគាំទ្រក្នុងផែនការយុទ្ធសាស្ត្របង្ការ និងលុបបំបាត់ជំងឺភ្នែកដែលអាចបង្ការបាន ដោយមិនទុកឱ្យនរណាម្នាក់មិនត្រូវបានយកចិត្តទុកដាក់នោះឡើយ (No one is left behind in eye health) ព្រមទាំងស្នើសុំអនុសាសន៍បន្ថែមសម្រាប់ការងារមូលនិធិ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានគូសរំលេចថា មូលនិធិគួរបន្តពង្រីកសកម្មភាពជួយទៅបណ្តាខេត្តផ្សេងទៀត ជួយបណ្តុះបណ្តាលធានធនមនុស្ស គ្រូពេទ្យ ឯកទេស ចក្ខុគិលានុបដ្ឋាក និងអ្នកវ៉ាស់ និងកាត់វ៉ែនតា ដើម្បីឱ្យគ្រប់ដណ្តប់សេវាថែទាំសុខភាពភ្នែកបានទូទាំងប្រទេស ដោយជួយ៖
– បង្កើត និងកែលំអ ហេដ្ឋារចនាសម្ព័ន្ធ អាគារចក្ខុរោគ និងមណ្ឌលស្តារគំហើញ តាមបណ្តាខេត្ត
– បំពាក់ឧបករណ៍សំភារៈដើម្បីអោយការផ្តល់សេវាប្រកបដោយគុណភាពសុវត្ថិភាព
– Digital eye health និងប្រព័ន្ធព័ត៌មានវិទ្យា Eye health Information System
– ជួយដល់ការវៈកាត់ជូនប្រជាពលរដ្ឋមានជំងឺភ្នែកឡើងបាយ និង Screening ទៅតាមសហគមន៍
– ជួយដល់ការស្រាវជ្រាវទៅលើបញ្ហាជំងឺភ្នែកដូច glaucoma ,cataract, diabetes retinopathy, refractive error

លោកស្រី Jane Madden បានបញ្ជាក់ជូនថា មូលនិធិនឹងយកអនុសាសន៍គន្លឹះរបស់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី រៀបចំផែនការសកម្មភាពពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាលបន្តទៀត ដោយសហការយ៉ាងជិតស្និទ្ធជាមួយ កម្មវិធីជាតិសុខភាពភ្នែក។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ មូលនិធិហ្រ្វេតហូឡូ ដែលបានប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

photo_2023-10-03_18-01-27 photo_2023-10-03_18-01-28 (2) photo_2023-10-03_18-01-28 photo_2023-10-03_18-01-31 photo_2023-10-03_18-01-32 photo_2023-10-03_18-01-33