នៅព្រឹកថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានទទួលជួបប្រតិភូក្រសួងព្រះបរមរាជវាំង ដឹកនាំដោយ ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជរាំង និងសហការី ក្នុងគោលបំណងចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនេះដែរ ឯកឧត្តម គុយ សុផល បានថ្លែងអបអរសាទរ និងជូនពរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសដែល ឯកឧត្តមទទួលបាននូវការទុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល និងថ្លែងអំណរគុណ ចំពោះក្រសួងសុខាភិបាល ក្នុងកិច្ចខិតខំ ប្រឹងប្រែង និងសហការយ៉ាងល្អ គ្រប់កម្រិតដែលសម្រេចបាននូវសមិទ្ធផលដ៏ច្រើននាពេលកន្លងមក ជូនប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ដែលបានឆ្លុះបញ្ចាំងការកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណជូនដល់ប្រតិភូចំពោះការជូនពរ និងការរលេីកឡេីងនូវសមិទ្ធផលដ៏ច្រើនដែលក្រសួងសុខាភិបាលបានសម្រេចនាពេលកន្លងមក។ ឯកឧត្តមក៏បានបន្ថែមថា ក្នុងនាមថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ នឹងប្តេជ្ញាខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមជូនពរ ឯកឧត្តមប្រធានប្រតិភូ និងសហការី សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ និងជន្មាយុយឺនយូរ និងជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។