នារសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែតុលា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត។
កិច្ចប្រជុំរៀបចំឡើងតាមប្រព័ន្ធ Hybrid ដែលមានការចូលរួមដោយផ្ទាល់ពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គាធិការ និងឯកឧត្តម លោកជំទាវ លោក លោកស្រី អគ្គនាយករង ប្រធាន-អនុប្រធានអង្គភាពថ្នាក់កណ្តាល និងប្រធានការិយាល័យនៃទីស្តីការក្រសួងសុខាភិបាល និងតាមប្រព័ន្ធអនឡាញ ជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ស្នើថ្នាក់ដឹកនាំ និងប្រធានមន្ទីរសុខាភិបាល ជាពិសេសមន្រ្តីជំនាញ សូមយកចិត្តទុកដាក់បន្តប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺគ្រុនឈាម នារដូវវស្សានេះ ដោយត្រូវបន្តធ្វើយុទ្ធនាបាញ់ថ្នាំមូស នៅតាមខ្នងផ្ទះប្រជាពលរដ្ឋ។ ចំពោះជំងឺភ្នែកក្រហម សូមបន្តខិតខំធ្វើការណែនាំ ដោយអប់រំ ផ្សព្វផ្សាយ និងត្រៀមថ្នាំព្យាបាលជូនប្រជាពលរដ្ឋ ជាពិសេសនៅតាមសាលាឱ្យបានគ្រប់គ្រាន់។
ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលឹកឡើងវិញនូវអនុប្រសាសន៍ ៦ចំណុចសំខាន់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យជាតិ តេជោសន្តិភាព និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវការពង្រីកវិសាលភាពមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវយកទៅអនុវត្តឱ្យមានប្រសិទ្ធិភាពខ្ពស់។