ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបឋកថាបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» តាមប្រព័ន្ធវីដេអូសន្និសីទ ជូនដល់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល « វគ្គទី៥»

ថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំបន្តវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» វគ្គទី៥ ដល់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ១,៨៣០ នាក់ ដើម្បីបន្តអនុវត្តយុទ្ធសាស្រ្តអាទិភាព១ ក្នុងចំណោម៣ ដែលក្រសួងបានដាក់ចេញ គឺការពង្រឹងស្ថាប័នតាមរយៈការបណ្តុះបណ្តាលលើភាពជាអ្នកដឹកនាំ ដើម្បីជាជំនួយដល់ថ្នាក់ដឹកនាំឱ្យមានជំនាញច្បាស់លាស់ ក្នុងការសម្រេចចិត្ត។

មេរៀនក្នុងសប្តាហ៍នេះ គឺជាគន្លឹះសំខាន់ទី២ សម្រាប់ដោះស្រាយបញ្ហាស្របជាមួយនឹងគោលបំណង៥ចំណុចសំខាន់ៗដូចជា៖ ១) ការញែកដាច់ពីគ្នារវាងវិធីសាស្រ្តកំណែទម្រង់ ដែលមានដំណោះស្រាយបានកំណត់ជាក់លាក់ជាមុនធៀបទៅនឹងវិធីសាស្រ្តដែលព្យាយាមដោះស្រាយបញ្ហា ២) ការលើកឡើង និងការកំណត់អាទិភាពបញ្ហាទាំងឡាយដែលចង់ផ្តោតដោះស្រាយ ៣) ការបំបែកបញ្ហាដែលសំខាន់បំផុត ក្នុងចំណោមបញ្ហាតូចៗទាំងឡាយ ទៅជាសមាសធាតុគន្លឹះនានា ៤) ការកំណត់មនុស្ស ឬបុគ្គលសក្តានុពលដែលជាប់ពាក់ព័ន្ធសំខាន់ជាមួយបញ្ហាទាំងនោះ រួមទាំងកំណត់ថាបុគ្គលណាមួយដែលជាប់ពាក់ព័ន្ធសំខាន់ជាងគេ ៥)ត្រូវចេះវាស់វែងពីទំហំបញ្ហា ដើម្បីដាក់ចេញនូវយុទ្ធសាស្រ្ត ដែលអាចនឹងបញ្ចុះបញ្ចូលអ្នកដឹកនាំមួយចំនួន ឱ្យមានការយកចិត្តទុកដាក់បន្ថែម។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងរៀងរាល់រសៀលថ្ងៃអង្គារ ដែលមានការអញ្ជើញចូលរួម ចាប់ពីប្រធានការិយាល័យថ្នាក់កណ្តាល រហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល និងអង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត។

photo_2023-11-07_18-44-15 photo_2023-11-07_19-12-58 photo_2023-11-07_19-13-02 photo_2023-11-07_19-13-04 photo_2023-11-07_19-13-05 photo_2023-11-07_19-13-06 photo_2023-11-07_19-13-09 photo_2023-11-07_19-13-19