រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសៅរ៍ ១៣កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ៤រសៀល ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងអភិបាលរងរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យទីតាំងជម្រកតង់សុខភាព ចំនួន ១០ទីតាំង នៅតាមបណ្តាគោលដៅនានា ដើម្បីត្រៀមលក្ខណៈក្នុងការផ្តល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋដែលចូលរួមក្នុង ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ នៅរាជធានីភ្នំពេញ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអញ្ជើញចុះពិនិត្យជម្រកតង់សុខភាពនៅទីតាំងដូចជា ១) អគារ L កោះពេជ្រ ២) ស្តុបមិត្តភាពកម្ពុជា វៀតណាម ៣) មុខនាយកដ្ឋានអង្គរក្ស ៤) មុខគណៈកម្មាធិការបុណ្យជាតិ៥) នៅក្បែររបងសាលចតុមុខ ៦) នៅមុខវាលមេរុ ៧) ព្រះគម្លង់ ៨)មុខកប៉ាល់ទីតានិក ៩) ទីលានប្រជាធិបតេយ្យ ១០) OCIC ខាងជើងរង្វង់មូលនាងមច្ឆា។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានអញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខមន្រ្តីសុខាភិបាល ដែលជាក្រុមរថយន្តគិលានសង្រ្គោះ មកតាមចំណុះទូកពីបណ្តាខេត្តនានា។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាលបានត្រៀមក្រុមគ្រូពេទ្យ និងរថយន្តគិលានុសង្រ្គោះ សរុបចំនួន ៧០គ្រឿង ដែលមានរថយន្តប្រចាំការតាមគោលដៅ ចំនួន ៥០គ្រឿង រថយន្តគ្លីនិកចល័ត ចំនួន ៤គ្រឿង និងជម្រកតង់ពិនិត្យសុខភាពដើម្បីផ្តល់សេវាសុខាភិបាល ចំនួន ១៥កន្លែង ដែលផ្តល់សេវា ២៤ម៉ោងលើ២៤ម៉ោង។ ដោយឡែកនៅទីស្តីការក្រសួងសុខាភិបាល ក៏បានត្រៀមរថយន្តគិលានសង្រ្គោះ ចំនួន ២០គ្រឿង ដើម្បីប្រចាំការត្រៀមអន្តរាគមន៍សង្រ្គោះបន្ទាន់ក្នុងករណីចាំបាច់បំផុត។
ក្នុងឱកាសចុះពិនិត្យនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលពាក់ព័ន្ធ ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត ចូលរួមបំពេញភារកិច្ច ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋនាឱកាសដ៏វិសេសវិសាលនេះ។ ឯកឧត្តមរដ្ឋមន្រ្តី សូមជូនពរដល់ប្រជាពលរដ្ឋទាំងអស់ ទទួលបាននូវសុខភាពល្អ និងសប្បាយរីករាយ នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នេះ។