ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំគម្រោងពង្រឹងគុណភាពបណ្តុះបណ្តាលមុនពេលបម្រើការងារសម្រាប់មន្រ្តីសុខាភិបាល
នារសៀលថ្ងៃសុក្រ ១១រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារអនុវត្តគម្រោងពង្រឹងគុណភាពបណ្តុះបណ្តាលមុនពេលបម្រើការងារសម្រាប់មន្រ្តីសុខាភិបាល។
កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងសមាជិក សមាជិកា នៃគណៈកម្មាធិការដឹកនាំគម្រោងពង្រឹងគុណភាពបណ្តុះបណ្តាលមុនពេលបម្រើការងារសម្រាប់មន្រ្តីសុខាភិបាល។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរដល់ក្រុមការងារអនុវត្តគម្រោងពង្រឹងគុណភាពមុនពេលបម្រើការងារសម្រាប់មន្រ្តីសុខាភិបាល ដែលបានខិតខំអនុវត្តគម្រោង ប្រកបដោយភាពជោគជ័យ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំល្អៗ និងបានផ្តល់ការគាំទ្រ ក្រុមការងារអនុវត្តគម្រោង ព្រមទាំងបានលើកទឹកចិត្ត ឱ្យបន្តកិច្ចខិតខំប្រឹងប្រែងនេះ បន្ថែមទៀត ដើម្បីឈានទៅរកការសម្រេចបាន តាមគោលដៅដែលបានគ្រោងទុក។
សូមបញ្ជាក់ដែរថា ក្រសួងសុខាភិបាល បានចាប់ផ្តើមអនុវត្តគម្រោងពង្រឹងគុណភាពមុនពេលបម្រើការងារសម្រាប់មន្រ្តីសុខាភិបាល ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២០ ដែលមានរយៈពេល ០៦ឆ្នាំ។ គម្រោងនេះ ឧបត្ថម្ភថវិកាគាំទ្រដោយធនាគារពិភពលោក (World Bank) និង Kreditanstalt für Wiederaufbau (KfW) មានគោលបំណង ធ្វើឱ្យប្រសើរឡើងគុណភាពបណ្តុះបណ្តាលមុនពេលបម្រើការងារសម្រាប់មន្រ្តីសុខាភិបាល។