រសៀលថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២:០០នាទី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តដឹកនាំវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ដល់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាល ដែលមានសមាសភាពចូលរួមសរុបចំនួន ១,៨៤១នាក់ តាមប្រព័ន្ធវីដេអូសន្និសីទ។
សូមរំលេចដែរថា ក្រសួងសុខាភិបាល បានបន្តវគ្គបណ្តុះបណ្តាលនេះគឺដើម្បីពង្រឹងសមត្ថភាពមន្រ្តីសុខាភិបាលនៅគ្រប់កម្រិត តាមរយៈការបណ្តុះបណ្តាលសមត្ថភាព ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដែលជាយុទ្ធសាស្រ្តអាទិភាពរបស់ក្រសួងសុខាភិបាល ក្នុងចំណោមអាទិភាព៣ បានដាក់ចេញ ជាពិសេសក្នុងពង្រឹងគុណភាពសេវាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ស្រុក ខេត្ត និងមន្ទីរពេទ្យជាតិ ដើម្បីគាំទ្រកំណែទម្រង់ការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។