រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទជាតិ ស្តីពីការអប់រំសម្រាប់វិជ្ជាជីវៈសុខាភិបាល ឆ្នាំ២០២៣ ក្រោមប្រធានបទ”បរិវត្តកម្មការអប់រំវិជ្ជាជីវៈសុខាភិបាល” (Transforming Health Professional Education) ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ នៅថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២៣។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមធ្វើការកោតសរសើរដល់ថ្នាក់ដឹកនាំ និងក្រុមការងារនៃគម្រោងពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារសម្រាប់មន្ត្រីសុខាភិបាល ដែលបានរៀបចំសន្និសីទនេះឡើង ដែលនឹងរួមចំណែកជួយដល់ស្ថាប័នអប់រំក្នុងវិស័យសុខាភិបាល បង្កើនការយល់ដឹងបន្ថែមទៀត ក្នុងការធ្វើកំណែទម្រង់នៃការអប់រំវិជ្ជាជីវៈសុខាភិបាល។ ក្នុងនោះក្រសួងសុខាភិបាលក៏បានផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសការអប់រំមុនពេលបម្រើការងារសម្រាប់វិជ្ជាជីវៈសុខាភិបាលផងដែរ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្ឃឹមយ៉ាងមុតមាំថា សន្និសីទជាតិនេះ នឹងបង្កើតវេទិកាជួបជុំដើម្បីផ្លាស់ប្តូរចំណេះដឹង និងចែករំលែកបទពិសោធន៍ ក៏ដូចជាការពិភាក្សារិះរកវិធីធ្វើឲ្យប្រសើរឡើងសម្រាប់ការអប់រំវិជ្ជាជិវៈសុខាភិបាល ពីវាគ្មិនទាំងក្នុង និងក្រៅប្រទេស ក្នុងការធ្វើបច្ចុប្បន្នភាពលើគោលនយោបាយ សេចក្តីណែនាំ ក្របខណ្ឌ និងបទដ្ឋានគតិយុត្តិនានាដែលទាក់ទងនិងការអប់រំវិជ្ជាជីវៈសុខាភិបាល។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចដែលថា អង្គសិក្ខាសាលានេះ នឹងផ្តល់ឱកាសដល់អ្នកវិទ្យាសាស្ត្រដែលមានជំនាញអប់រំសុខាភិបាល សាស្ត្រាចារ្យ គ្រូបង្រៀន អ្នកស្រាវជ្រាវក្នុងជំនាញវិទ្យាសាស្ត្រសុខាភិបាល តាមរយៈការជម្រុញកិច្ចសហការ និងការពិភាក្សាគ្នាក្នុងចំណោមអ្នកវិទ្យាសាស្រ្តដែលមានវិជ្ជាជីវៈអប់រំ អ្នកស្រាវជ្រាវ អ្នកបម្រើសេវាសុខាភិបាល និងភាគីពាក់ព័ន្ធដែលនឹងជម្រុញឲ្យមានការកែលម្អជាបន្តបន្តាប់នៅក្នុងវិស័យអប់រំវិជ្ជាជីវៈសុខាភិបាល។
ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏សូមថ្លែងអំណរគុណដៃគូអភិវឌ្ឍន៍ទាំងអស់ជាពិសេសធនាគារពិភពលោក, KfW ដែលបានជួយរួមចំណែកជួយគាំទ្រ និងឧបត្ថម្ភទាំងថវិកា និងបច្ចេកទេសដល់ក្រសួងសុខាភិបាលសម្រាប់ការអប់រំវិជ្ជាជីវៈសុខាភិបាល និងសូមជូនពរសិក្ខាកាមទាំងអស់ ទទួលបានសុខភាពល្អ និងជ័យជំនះគ្រប់ភារកិច្ច នាឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២៤ ខាងមុខនេះ។