រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារប្រចាំខែធ្នូ ឆ្នាំ២០២៣ ដើម្បីពិនិត្យវឌ្ឍនភាពការងារអនុវត្តកន្លងមក និងលើកទិសដៅការងារបន្ត ព្រមទាំងផ្តល់អនុសាសន៍ដើម្បីឱ្យអនុវត្តកិច្ចការងារកាន់តែល្អប្រសើរ។
ក្នុងឱកាសនោះផងដែរ ឯកឧត្ដមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានមានប្រសាសន៍ថា សម្រាប់ការពង្រឹង និងពិនិត្យលើវឌ្ឍនភាពការងារអនុវត្តកន្លងមក ឃើញមាននវានុវត្តន៍ល្អប្រសើរ ទាំងធនធានមនុស្ស កិច្ចការរដ្ឋបាល និងកិច្ចការរៀបចំពិនិត្យឡើងវិញដោយធ្វើបច្ចុប្បន្នភាពលិខិតបទដ្ឋាននានានៃវិស័យសុខាភិបាល។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ស្នើឱ្យមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ បន្តចេះជួយគ្នា សាមគ្គីសហការគ្នា និងត្រូវខិតខំប្រឹងព្យាយាមបន្ថែមទៀត ក្នុងការអភិវឌ្ឍអង្គភាពរបស់ខ្លួន ឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីអនុលោមទៅតាមគោលនយោបាយជាតិ។
សូមបញ្ជាក់ផងដែរ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ឯកឧត្តមអគ្គនាយក អគ្គនាយករង អគ្គាធិការ និងអគ្គាធិការរង លោក លោកស្រី ជាប្រធាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ ប្រធានគ្រប់អង្គភាពថ្នាក់កណ្តាល ឯកឧត្តម លោកជំទាវ លោក ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត និងលោកនាយកសាលាមធ្យមសិក្សាភូមិភាគទាំង៤ផងដែរ។