ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី២៥នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកប ដោយជោគជ័យនយោបាយឈ្នះ ឈ្នះ និងខួប ៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃសុក្រ ២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ នៅវិមានឈ្នះ ឈ្នះ។
នៅក្នុងឱកាសអបអរសាទរខួប ២៥ឆ្នាំ នៃការបញ្ចប់សង្រ្គាមនៅកម្ពុជាតាមរយៈនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ក្រសួងសុខាភិបាលបានរៀបចំស្តង់តាំងពិព័រណ៍បង្ហាញពីសមិទ្ធិផល និងស្នាដៃការងារសំខាន់ៗដែលក្រសួងបានសម្រេចនៅក្នុងរយៈកាល ២៥ឆ្នាំ ចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០២៣។
ការដឹកនាំប្រកបដោយស្មារតីបុរេសកម្ម ចក្ខុវិស័យវែងឆ្ងាយ ឈ្លាសវៃ ម៉ឹងម៉ាត់ និងសម្រេចចិត្តត្រឹមត្រូវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កន្លងមកធ្វើឱ្យកម្ពុជាគ្រប់គ្រងបានជំងឺកូវីដ-១៩ និងបានបើកប្រទេស និងបើកដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញដោយសុវត្ថិភាព និងមាននិរន្តរភាព ចាប់តាំងពីដើមខែវិច្ឆិកា ឆ្នាំ២០២១ រហូតមកដល់ពេលបច្ចុប្បន្ន។
ការពង្រីកការគ្របដណ្តប់នៃសេវាសុខភាព និងការពង្រីកការគាំពារសុខភាពសង្គម ព្រមទាំងភាពប្រសើរឡើងនៃកត្តាសង្គម បានបង្កើនអាយុកាលរស់រំពឹងទុករបស់ប្រជាជនកម្ពុជា ទាំងពីរភេទ ពី ៦២ឆ្នាំ នៅឆ្នាំ២០០៨ ដល់៧៦ឆ្នាំ នៅឆ្នាំ២០២១/២០២២ និងបានលើកកម្ពស់គុណភាពនៃជីវិតរស់នៅរបស់ប្រជាជនកម្ពុជា។
កម្ពុជាបានសម្រេចជោគជ័យក្នុងការលុបបំបាត់ជំងឺដែលជាបញ្ហាសុខភាពសាធារណៈមួយចំនួន ហើយដែលត្រូវបានទទួលស្គាល់ពីអង្គការសុខភាពពិភពលោក មានជាអាទិ៍ ជំងឺគ្រុនស្វិតដៃជើង នៅឆ្នាំ២០០០ ជំងឺតេតាណូសលើមាតានិងទារក និងជំងឺកញ្រ្ជឹល នៅឆ្នាំ២០១៥ ជំងឺជើងដំរី (lymphatic filariasis) នៅឆ្នាំ២០១៦ ជំងឺត្រអកភ្នែក (Trachoma) និងហានិភ័យនៃជំងឺរលាកថ្លើមប្រភេទ B លើកុមារអាយុក្រោម៥ឆ្នាំ។
ជោគជ័យនេះ រួមជាមួយភាពរឹងមាំនៃអន្តរាគមន៍កម្មវិធីសុខភាព និងការធ្វើសមាហរណកម្ម ការផ្តល់សេវាសុខភាពបានរក្សាសន្ទុះនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺឆ្លងចម្បងៗផ្សេងទៀត នៅក្នុងបណ្តាឆ្នាំខាងមុខ ដូចជាលុបបំបាត់ជំងឺគ្រុនចាញ់ និងការចម្លងមេរោគអេដស៍ និងមេរោគជំងឺស្វាយពីម្តាយទៅកូនជាដើម។
ការអភិវឌ្ឍប្រព័ន្ធគាំពារសុខភាពសង្គម តាមរយៈមូលនិធិសមធម៌បានចាប់ផ្តើមនៅឆ្នាំ២០០០ និងបានពង្រីកជាបន្តបន្ទាប់រហូតគ្របដណ្តប់មូលដ្ឋានសុខាភិបាលសាធារណៈទូទាំងប្រទេសនៅឆ្នាំ២០១៥។ ដោយឡែកបេឡាជាតិរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព (ប.ស.ស-សុខភាព) បានចាប់ផ្តើមសម្រាប់កម្មករនិយោជិតក្នុងវិស័យឯកជននៅឆ្នាំ២០១៦ និងបានពង្រីកដល់មន្រ្តីរាជការសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជននៅឆ្នាំ២០១៨។ ថ្មីៗនេះ កម្មវិធីមូលនិធិសមធម៌ក៏បានពង្រីកការគ្របដណ្តប់លើប្រជាជនងាយរងហានិភ័យ ដែលមានប្រមាណ ១,៨លានាក់។
សូមបញ្ជាក់ដែរថា តាមបណ្តាក្រសួង-ស្ថាប័ន ក៏បានរៀបចំស្តង់ពិព័រណ៍បង្ហាញសមិទ្ធិផល និងស្នាដៃរបស់រយៈកាល ២៥ឆ្នាំ ចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០២៣ ដែលបង្ហាញពីសក្តានុពល និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យក្រោមម្លប់សន្តិភាព រយៈពេលចំនួន ៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។