ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី១ នៃខែមករា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងទិសដៅការងារបន្ត

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី១ នៃខែមករា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី ស្នើឱ្យមន្រ្តីជំនាញពាក់ព័ន្ធ ត្រូវខិតខំប្រឹងប្រែងប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីត្រៀមរៀបចំការងាររៀបចំសន្និបាត និងពិធីសម្ភាធមន្ទីរពេទ្យបង្អែកតេជោសែនកោះធំ នាពេលខាងមុខនេះ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ដល់ក្រុមការងាររៀបចំស្តង់ពិព័រណ៍របស់ក្រសួងសុខាភិបាល ក្នុងព្រឹត្តិការណ៍អបអរសាទរ ខួបលើកទី២៥ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងខួប ៥ ឆ្នាំ នៃការរៀបចំកសាងវិមានឈ្នះ ឈ្នះ ដែលបានបញ្ចប់ដោយរលូន និងមានការកោតសរសើរពីសាធារណជនផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ស្នើសុំបង្កើនការផ្សព្វផ្សាយអំពីការអប់រំសុខភាពជូនប្រជាពលរដ្ឋ នៅតាមសហគមន៍ ដោយការផ្សព្វផ្សាយត្រូវមានការចូលរួមសហការពីអន្តរក្រសួង ទៅតាមទម្រង់រូបភាពដូច ប៉ាណូផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយបែបអេឡិចត្រូនិច និងតាមទម្រង់ជាច្រើនទៀត។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី ក៏បានលើកឡើងចំពោះមន្រ្តីផ្តល់សេវាសុខាភិបាល ត្រូវជម្រាបជូនឱ្យបានច្បាស់លាស់ទាំងរោគវិនិច្ឆ័យ ឬស្ថានភាពរបស់ជំងឺ ដោយត្រូវប្រើពាក្យងាយយល់ និងគោរពតាមលក្ខណៈបច្ចេកទេស។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានជូនពរឆ្នាំថ្មី ឆ្នាំសកល ២០២៤ និងថ្លែងអំណរគុណ កោតសរសើដល់ក្រុមការងារក្រសួងសុខាភិបាលដែរបានយកចិត្តដាក់ក្នុងការបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបានសមិទ្ធផលជាច្រើន និងសូមបន្តការចូលរួមសហការសកម្មភាពបែបនេះបន្តទៀត។

កិច្ចប្រជុំរៀបចំឡើងតាមរយៈប្រព័ន្ធហ៊ីប្រីដ៍ Hybrid ដែលមានការអញ្ជើញចូលរួមផ្ទាល់នៅទីស្តីការក្រសួងសុខាភិបាលរួមមាន ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក និងអគ្គាធិការនៃក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំនៅរាជធានី-ខេត្ត តាមរយៈប្រព័ន្ធវីដេអូសន្និសីទ។

photo_2024-01-08_19-06-01 photo_2024-01-08_19-06-02 (2) photo_2024-01-08_19-06-02 photo_2024-01-08_19-06-04 photo_2024-01-08_19-06-05 (2) photo_2024-01-08_19-06-05 photo_2024-01-08_19-06-06 (2) photo_2024-01-08_19-06-06 photo_2024-01-08_19-06-08 (2) photo_2024-01-08_19-06-08 photo_2024-01-08_19-06-09 (2) photo_2024-01-08_19-06-09 photo_2024-01-08_19-50-26 photo_2024-01-08_19-50-27