ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួប ជាមួយលោកជំទាវ Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា និងគណៈប្រតិភូ

នៅព្រឹកថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំថោះ ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួប ជាមួយលោកជំទាវ Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា និងគណៈប្រតិភូ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានស្វាគមន៍ និងថ្លែងអំណរគុណដល់សាធារណរដ្ឋគុយបា ដែលកន្លងមកបានសហការគាំទ្រ និងរួមចំណែកលើកកំពស់សេវាសុខាភិបាល តាមរយៈការបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តគុយបា មកផ្តល់សេវាថែទាំ និងព្យាបាលជំងឺជូនពលរដ្ឋកម្ពុជា ចាប់តាំងពី ឆ្នាំ១៩៧៩ ក្រោយពេលដែលកម្ពុជាត្រូវបានរំដោះពីរបបខ្មែរក្រហម។ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តគុយបា បានជួយបណ្តុះបណ្តាល និងបង្ហាត់បង្ហាញជំនាញវេជ្ជសាស្ត្រដល់គ្រូពេទ្យ និងនិស្សិតពេទ្យកម្ពុជា ព្រមទាំងបានផ្តល់អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យសុខាភិបាល ជាបន្តបន្ទាប់រហូតបច្ចុប្បន្ន។

លោកជំទាវ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា បានថ្លែងអបអរសាទរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសដែល ឯកឧត្តមសាស្ត្រាចារ្យ ទទួលបានទំនុកទុកចិត្តពីរាជរដ្ឋាភិបាលអណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់ជំហរយ៉ាងមុតមាំរបស់សាធារណរដ្ឋគុយបា ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល ជាពិសេសកិច្ចសហប្រតិបត្តិការលើការបន្តផ្តល់អាហាររូបករណ៍ថ្នាក់វេជ្ជបណ្ឌិតទូទៅ និងឈានដល់ថ្នាក់វេជ្ជបណ្ឌិតជំនាញ ការផ្លាស់ប្តូរបច្ចេកវិទ្យាផលិតឱសថវេជ្ជសាស្ត្រ និងការបញ្ជូនវេជ្ជបណ្ឌិតជំនាញព្យាបាលជំងឺមហារីក និងជំងឺទឹកនោមផ្អែម និងជំនាញផ្សេងៗទៀតមកជួយបណ្តុះបណ្តាលនៅមន្ទីរពេទ្យក្នុងប្រទេសកម្ពុជា តាមការស្នើសុំ ក្រោមកិច្ចសហប្រតិបត្តិការដ៏រឹងមាំ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋគុយបា។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់ជំហរបន្តកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងសុខាភិបាលនេះប្រទេសទាំងពីរ លើការចែករំលែកបទពិសោធន៍ព្យាបាលជំងឺមហារីក ទឹកនោមផ្អែម ជម្រុញធុរកិច្ចឱសថ វ៉ាក់សាំង និងបរិក្ខារពេទ្យ ការផ្តល់អាហារូបករណ៍ផ្នែកវេជ្ជសាស្ត្រទាំងរយៈពេលខ្លី និងវែង។ ភាគីពាក់ព័ន្ធនៃក្រសួងសុខាភិបាល នឹងធ្វើការជាមួយស្ថានទូតនៃសាធារណរដ្ឋគុយបាប្រចាំកម្ពុជា រៀបចំគម្រោងបណ្តុះបណ្តាលគ្រូពេទ្យឯកទេសមហារីកនៃមន្ទីរពេទ្យហ្លួងម៉ែ ដោយក្រុមគ្រូពេទ្យពីប្រទេសគុយបា នៅក្នុងពេលឆាប់ៗខាងមុខនេះ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងនូវការកោតសសើរ និងស្នើសាធារណរដ្ឋគុយបា បន្តពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ជាមួយក្រសួងសុខាភិបាល ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាឈានទៅ សម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមុះមុត ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

photo_2024-01-10_19-04-04 photo_2024-01-10_19-04-05 photo_2024-01-10_19-04-06 photo_2024-01-10_19-04-07 (2) photo_2024-01-10_19-04-07 photo_2024-01-10_19-04-08 photo_2024-01-10_19-04-09

photo_2024-01-10_19-04-10

photo_2024-01-10_19-04-10 (2)