ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី២ នៃខែមករា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងទិសដៅការងារបន្ត
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី២ នៃខែមករា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី ស្នើឱ្យអង្គភាពជំនាញពាក់ព័ន្ធត្រូវពង្រឹងការងារអប់រំសុខភាព ជម្រុញការងារលើកកំពស់សុខភាពឱ្យបានច្រើន និងត្រូវធ្វើការពិនិត្យនូវរបាយការណ៍វឌ្ឍនភាពដែលបានកន្លងមក។ ចំពោះរបាយការណ៍ត្រូវរៀបចំឱ្យខ្លីខ្លឹម ទាំងខ្លឹមសារបច្ចេកទេសងាយយល់ និងមានពាក្យស្លោកខ្លីៗផងដែរ។
ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានជូនពរ និងថ្លែងអំណរគុណ កោតសរសើរដល់ក្រុមការងារក្រសួងសុខាភិបាលដែរបានយកចិត្តដាក់ក្នុងការបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងខិតខំប្រឹងប្រែងចុះទៅពង្រឹងសេវាសុខាភិបាលនៅមូលដ្ឋានរួមមាន មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព សូមបន្តការចូលរួមសហការសកម្មភាពបែបនេះបន្តទៀត។
កិច្ចប្រជុំរៀបចំឡើងតាមរយៈប្រព័ន្ធហ៊ីប្រីដ៍ Hybrid ដែលមានការអញ្ជើញចូលរួមផ្ទាល់នៅទីស្តីការក្រសួងសុខាភិបាលរួមមាន ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក និងអគ្គាធិការនៃក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំនៅរាជធានី-ខេត្ត តាមរយៈប្រព័ន្ធវីដេអូសន្និសីទ។