រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Tibor BALOGHDI ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋហុងគ្រី និងគណៈប្រតិភូ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅ ឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋហុងគ្រី ដែលបានចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារនាពេលនេះ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋហុងគ្រី ជាពិសេសក្នុងដំណាក់កាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សាធារណរដ្ឋហុងគ្រីបានបរិច្ចាគវ៉ាក់សាំងកូវីដ-១៩ ប្រភេទ AstraZeneca ចំនួន ៤៥៤ ៧០០ដូស និងប្រភេទ Moderna ចំនួន ១០០ ០០០ ដូស ជូនមករាជរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ២០២២ កន្លងមក។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ជំហរយ៉ាងមុតមាំរបស់សាធារណរដ្ឋហុងគ្រី ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល តាមរយៈការផ្លាស់ប្តូរអ្នកជំនាញបច្ចេកទេស និងអ្នកសិក្សាស្រាវជ្រាវ ការផ្តល់អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតទូទៅ និងថ្នាក់វេជ្ជបណ្ឌិតជំនាញលើជំនាញព្យាបាលជំងឺមហារីក និងជំនាញផ្សេងៗទៀត និងការផ្លាស់ប្តូរបច្ចេកវិទ្យានិងចែករំលែកបទពិសោធន៍លើផ្នែកព័ត៌មានវិទ្យាក្នុងវិស័យសុខាភិបាលផងដែរ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សាធារណរដ្ឋហុងគ្រី តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានបញ្ជាក់ជំហរបន្តគាំទ្ររួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ក្រោម ការដឹកនាំដ៏ឈ្លាសវៃ និងមុះមុតប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។