រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តដឹកនាំវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ២៥០១នាក់ ដើម្បីពង្រឹងស្ថាប័នដែលជាយុទ្ធសាស្រ្តអាទិភាពមួយ ក្នុងចំណោមអាទិភាព ៣ បានដាក់ចេញដោយក្រសួងសុខាភិបាល ក្នុងការគាំទ្រកំណែទម្រង់ អនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។
មេរៀនក្នុងសប្តាហ៍នេះផ្តោតលើ ការប្រើប្រាស់កិច្ចសហការដើម្បីសម្រេចលទ្ធផល (Collaborating to Achieve Results)។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានទាញចំណាប់អារម្មណ៍ ថ្នាក់ដឹកនាំសុខាភិបាលគ្រប់ជាន់ថ្នាក់ធ្វើការឆ្លុះបញ្ចាំងលើការប្រើប្រាស់កិច្ចសហការនៅតាមអង្គភាព និងបានផ្តល់ទ្រឹស្តីនៅក្នុងការដឹកនាំការងារសហការរវាងបុគ្គល រវាងអង្គភាព និង រវាងស្ថាប័នអោយមានប្រសិទ្ធភាព តាមរយៈការបង្កើនទំនុកចិត្តលើគ្នាទៅវិញទៅមក។
នៅក្នុងឱកាសជួបជុំគ្នានេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក៍បានណែនាំ ថ្នាក់ដឹកនាំមន្រ្តីសុខាភិបាលរាជធានី-ខេត្ត អោយត្រួតពិនិត្យឱ្យបានគត់មត់នៅ គ្រប់មន្ទីរពេទ្យរដ្ឋ និងមណ្ឌលសុខភាពដើម្បីធានាផ្តល់សេវា ២៤ម៉ោងក្នុង១ថ្ងៃ និងផ្តល់សេវាថែទាំព្យាបាលដែលផ្តល់ផលប្រយោជន៍ខ្ពស់ដល់អ្នកជំងឺ មានតំលៃសមស្រប និង ធ្វើឡើងអោយបានឆាប់រហ័ស។
សូមបញ្ជាក់ផងដែរ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងនៅរៀងរាល់ថ្ងៃអង្គារ ដែលមានវត្តមាន ថ្នាក់ដឹកនាំអង្គភាពថ្នាក់ជាតិ ចាប់ពីប្រធានការិយាល័យថ្នាក់កណ្តាលរហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល និងអង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត។