នៅព្រឹកថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំការពិភាក្សារួមលើលទ្ធផលរបស់ក្រុមពិភាក្សាតូច ដែលបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី១ នៃអង្គសន្និបាត។ កិច្ចពិភាក្សានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃក្រសួងសុខាភិបាល និងសហការី មកពីបណ្តាក្រសួង ស្ថាប័ននានា ព្រមទាំងវត្តមានរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូសុខាភិបាលទាំងទ្វេភាគី ពហុភាគី និងអង្គការមិនមែនរដ្ឋាភិបាល សរុបចំនួន ៦០២រូប។
ប្រធានបទនៃកិច្ចពិភាក្សារួមមាន៖ ការបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លង ការលើកកម្ពស់សុខភាពមាតានិងទារក និងអាហារូបត្ថម្ភ ការបង្ការ និងគ្រប់គ្រងជំងឺឆ្លង ការផ្តល់សេវាថែទាំសុខភាពនៅមន្ទីរពេទ្យបង្អែក និងការផ្តល់សេវាថែទាំសុខភាពបឋម។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានលើកទឹកចិត្ត និងជម្រុញការពិភាក្សាឱ្យកាន់តែផុសផុល ដើម្បីទទួលបាននូវធាតុចូលសមស្របដែលអាចអនុវត្តបានបន្ថែមទៀត សម្រាប់ជំរុញការអនុវត្តកម្មវិធីគោលនយោបាយ អាទិភាពទីមួយ “ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល” និងការអនុវត្តវិធានការ សំខាន់ៗក្នុងវិស័យសុខាភិបាល និងផែនការសកម្មភាពរបស់គ្រឹះស្ថានសុខាភិបាលនៅគ្រប់កម្រិតទាំងអស់ ដើម្បីទទួលបានលទ្ធផលថ្មីបន្ថែមទៀតនៅឆ្នាំ ២០២៤ បន្តពង្រឹងវិស័យសុខាភិបាលឱ្យកាន់តែមានភាពធន់ និងរឹងមាំ រួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសជ្រុងទី៣ នៃបញ្ចកោណទី១ “លើកកម្ពស់សុខុមាលភាព និងសុខភាពប្រជាជន”។