ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួប សំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍របស់រាជរដ្ឋាភិបាល ជប៉ុន ចំនួន០៧រូប

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៨ និង៣០នាទី នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួប សំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍របស់រាជរដ្ឋាភិបាល ជប៉ុន ចំនួន០៧រូប ដែលត្រូវទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សានៅប្រទេសជប៉ុន រួមមាន៖ ផ្នែកទំនាក់ទំនងអន្តរជាតិ ផ្នែកវិស្វកម្មវិទ្យាសាស្ត្ររូបធាតុ ផ្នែកវិទ្យាសាស្ត្រឱសថ ផ្នែកសំណង់ស៊ីវិល ផ្នែកព័ត៌មានវិទ្យា ផ្នែកគ្រប់គ្រងធុរកិច្ច ផ្នែកសេដ្ឋកិច្ច ផ្នែកសិក្សាអប់រំ ផ្នែកគោលនយោបាយ និងរដ្ឋបាលសាធារណៈ។
ជាកិច្ចស្វាគមន៍ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងនូវការ កោតសរសើរ ដល់និស្សិត ជ័យលាភីទាំង០៧រូប ដែលទទួលបានអាហារូបករណ៍រាជរដ្ឋាភិបាល ជប៉ុនទៅសិក្សានៅប្រទេសជប៉ុន និងសង្ឃឹមថាក្មួយៗ និស្សិតជ័យលាភីទាំងអស់ នឹងបញ្ចប់ការសិក្សាដោយជោគជ័យ ត្រឡប់មកជួយអភិវឌ្ឍន៍ប្រទេស និងក្លាយជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ។

នាឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍គន្លឹះចំនួន ១០ចំណុច ដល់និសិ្សតជ័យលាភីទាំង០៧រូប ដើម្បីរួមចំណែកដល់ការសិក្សា ឲ្យបានជោគជ័យដូចខាងក្រោម៖
១- ត្រូវសំឡឹងមើលឱ្យទូលាយ
២- សុំកុំបោះបង់
៣- ត្រូវបើកចិត្តឱ្យទូលាយ
៤- ត្រូវព្យាយាមធ្វើឱ្យបានប្រសើរ
៥- ត្រូវមានសុច្ឆន្ទៈ
៦- ត្រូវឈរនៅទីដែលវិជ្ជមានជានិច្ច
៧- ត្រូវបង្ហាញពីការខិតខំ
៨-ត្រូវរៀនពីបទពិសោធន៍
៩- ត្រូវមានសង្គតិភាព
១០- ត្រូវចេះលះបង់។

បន្ទាប់ពីទទួលបានអនុសាសន៍គន្លឹះដ៍ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និស្សិតទាំង០៧រូបក៍បានប្តេជ្ញាចិត្តនឹងខិតខំសិក្សាឲ្យបានពូកែ និងជោគជ័យយកចំណេះដឹងមកបម្រើជាតិមាតុភូមិវិញ។

ជាទីបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ថ្នាក់ ដឹកនាំ ក្រសួងសុខាភិបាលទាំងអស់ដែលបានចូលរួម និងជូនពរឱ្យក្មួយៗ និស្សិត ទាំងអស់ ទទួលបានជោគជ័យក្នុងការសិក្សា។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៍បានជូនសៀវភៅរបាយការណ៍សមិទ្ធផលសុខាភិបាលឆ្នាំ២០២៣ និងទិសដៅ ការងារឆ្នាំ២០២៤ និងឆ្នាំបន្ត របស់ក្រសួងសុខាភិបាលជូនដល់និស្សិតម្នាក់ៗ ចំនួនមួយក្បាលផងដែរ។

photo_2024-03-21_18-38-25 photo_2024-03-21_18-38-28 photo_2024-03-21_18-38-29 (2) photo_2024-03-21_18-38-29 photo_2024-03-21_18-38-31 photo_2024-03-21_18-38-34 (2) photo_2024-03-21_18-38-34 photo_2024-03-21_18-38-38 photo_2024-03-21_18-38-42 photo_2024-03-21_18-38-43