រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ សាលប្រជុំទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ ស្ដីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស ជាមន្រ្តីសាធារណៈជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រោមឱវាទក្រសួងសុខាភិបាល។
ពិធីនេះដែរ ក៏មានការអញ្ជើញចូលពីឯកឧត្តម ស៊ុ សោភណ្ឌ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង ប្រធានអង្គភាព និងមន្រ្តីរាជការនៅអង្គភាពថ្នាក់កណ្តាល ព្រមទាំងប្រតិភូនៃបេឡាជាតិរបបសន្តិសុខសង្គម។
ពិធីផ្សព្វផ្សាយ ស្តីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្រ្តីសាធារណៈ គឺពិតជាមានសារៈសំខាន់ សម្រាប់ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល។
រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ឋសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ជាត្រីវិស័យបន្តដឹកនាំនាវាកម្ពុជាឱ្យកាន់តែមានកំណើនសេដ្ឋកិច្ចរីកចម្រើន ក្នុងគោលដៅដើម្បីលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋបន្ដអភិវឌ្ឍន៍និងពង្រីកប្រព័ន្ធគាំពារសង្គមឈរលើស្មាតី «មិនបោះបង់ពលរដ្ឋណាម្នាក់» តាមរយៈការពង្រីកវិសាលភាពគ្របដណ្ដប់ប្រជាពលរដ្ឋជាបណ្តើរៗ ប្រកបដោយសមធម៌ និងចីរភាព ដើម្បីធានាអត្ថិភាពដ៏រឹងមាំនៃអត្តសញ្ញាណជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របគ្នានឹងការលើកកម្ពស់សីលធម៌សម្រាប់ភាពសុខដុមនៃសង្គមជាតិ។
ប្រព័ន្ធសន្ដិសុខសង្គម ជាប្រព័ន្ធសម្រាប់គ្រប់គ្រងកម្មវិធីសន្ដិសុខសង្គម ដែលរៀបចំឡើងដើម្បីជួយដល់ប្រជាជន ក្នុងការបង្ការហានីភ័យហិរញ្ញវត្ថុ ពីការធ្លាក់ចុះភ្លាមៗនៃប្រាក់ចំណូល ឬធ្លាក់ចូលក្នុងភាពក្រីក្រដែលបណ្ដាលមកពីជំងឺ លំហែមាតុភាព គ្រោះថ្នាក់ការងារ និកម្មភាព ទុព្វលភាព ជរាភាព (ឬចូលនិវត្តន៍) និងមរណភាពនៃអ្នកដែលរកចំណូលសម្រាប់គ្រួសារ នឹងជំរុញឱ្យប្រជាជនគ្រប់រូបចូលរួមសន្សំប្រាក់ ឬបង់ភាគទានជាកាតព្វកិច្ចទៅតាមអត្រាជាក់លាក់ នៅក្នុងមូលនិធិមួយដើម្បីការពារហានិភ័យទាំងអស់នេះ។
ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានស្នើដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងមន្រ្តីរាជការ ចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីជំរុញការអភិវឌ្ឍប្រទេសកម្ពុជា និងក៏ដូចជាប្រព័ន្ធសន្ដិសុខសង្គមនៅកម្ពុជាឱ្យមានភាពរឹងមាំ ដូចតទៅ៖
– ចូលរួមអនុវត្តតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម និងលិខិតដ្ឋានគតិយុត្តទាំងអស់ដែលពាក់ព័ន្ឋនឹងរបបសន្តិសុខសង្គមដែលមានជាធរមាន ដើម្បីសំដៅធានាការលើកកម្ពស់សុខុមាលភាព និងអត្ថប្រយោជន៍មន្រ្តីរាជការសាធារណៈ និងអ្នកក្នុងបន្ទុកឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។
– សូមថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល ទាំងអស់ជួយផ្សព្វផ្សាយបន្ត និងណែនាំទៅដល់សមាជិកគ្រួសារដែលស្ថិតក្រោមបន្ទុកទៅចុះឈ្មោះជាសមាជិក ប.ស.ស. នៅទីតាំងសាខា ប.ស.ស. ដែលនៅជិតលោកអ្នកបំផុតដើម្បីទទួលបានអត្ថប្រយោជន៍ពីសន្តិសុខសង្គម។
ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមកោតសរសើរចំពោះថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបេឡាជាតិសន្ដិសុខសង្គម ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តនូវតួនាទី ភារៈកិច្ចរបស់ខ្លួនសម្រេចបានលទ្ធផលគួរជាទីមោទនៈជូនជាតិ និងប្រជាជន និងសូមកោតសរសើរចំពោះការចូលរួមអនុវត្តការងារពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រកបដោយការទទួលខុសត្រូវ និងបន្ដចូលរួមអនុវត្តតួនាទីរបស់ខ្លួនយ៉ាងសកម្ម ដើម្បីឆ្ពោះទៅសម្រេចបាននូវគោលដៅរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនាពេលថ្មីៗនេះ។
សូមគូសរំលេចផងដែរថា បច្ចុប្បន្នរាជរដ្ឋាភិបាលអាណត្តិទី៧ បានបន្ដអនុវត្តនូវកម្មវិធីជំនួយសង្គមសំខាន់ៗមួយចំនួន រួមមាន កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្ដីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ កម្មវិធីផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ កម្មវិធីអាហារូបករណ៍ថ្នាក់បឋមសិក្សា និងមធ្យម សិក្សាសម្រាប់កុមារមកពីគ្រួសារក្រីក្រ កម្មវិធីរបបគោលនយោបាយសម្រាប់ជនពិការក្នុងសហគមន៍ និងកម្មវិធីសាច់ប្រាក់ពលកម្មជាដើម។