ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ និងសួរសុខទុក្ខ សំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត

រាជធានីភ្នំពេញ៖ នៅថ្ងៃចន្ទ ៨រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ និងសួរសុខទុក្ខ សំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានស្នើឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមជ្ឈមណ្ឌល ត្រូវប្តេជ្ញាសម្រេចឱ្យបានគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់ត្រឹមឆ្នាំ២០២៥។ ករណីជំងឺគ្រុនឈាមសូមធ្វើការកាត់បន្ថយអត្រាឈឺ និងអត្រាស្លាប់ឱ្យនៅតិចជាងពាក់កណ្តាលនៃចំនួនជំងឺដែលនឹងរំពឹកទុក នៅឆ្នាំ២០២៤នេះ។ សូមថ្នាក់ដឹកនាំ និងមន្រ្តីជំនាញបន្តប្រឹងប្រែងលុបបំបាត់ជំងឺដង្កូវព្រូន នៅតំបន់ដែលមានការចម្លងខ្ពស់។ ទន្ទឹមនឹងនេះ សូមបន្តធ្វើការអប់រំសុខភាពជំងឺក្នុងកម្មវិធីទាំងបី ដូចជាទប់ស្កាត់មូសខាំ ចម្លងជំងឺគ្រុនចាញ់ លុបបំបាត់ជំរកដង្កូវទឹក និងកែប្រែទំលាប់ប្រជាជន កុំឱ្យហូបសាច់ឆៅ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត ដែលបានបំពេញតួនាទីយ៉ាងសកម្មក្នុងការប្រយុទ្ធនិងទប់ស្កាត់ជំងឺគ្រុនឈាម ជំងឺគ្រុនចាញ់ និងជំងឺដង្កូវព្រូនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយបានលះបង់ ទាំងកម្លាំងកាយ កម្លាំងចិត្ត និងពេលវេលា ដើម្បីសុខភាពប្រជាជនកម្ពុជា។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ស្នើសុំថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកទាំងអស់ ត្រូវចេះស្រឡាញ់រាប់អានគ្នា ពង្រឹងវិន័យ សាមគ្គី និងឯកភាពផ្ទៃក្នុង ដើម្បីនាំមកនូវការរីកចំរើនថែមទៀតនៅក្នុងអង្គភាព និងសូមជូនពរថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ខាងមុខនេះ សូមជួបតែសំណាងល្អ សម្រេចជោគជ័យគ្រប់ភារកិច្ចការងារ។

សូមរំលេចដែរថា ទិវាគ្រុនចាញ់ពិភពលោក ២៥ មេសា ឆ្នាំ២០២៤នេះ នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅស្រុកក្រវ៉ាញ់ ខេត្តពោធិ៍សាត់។

photo_2024-04-01_16-04-45 photo_2024-04-01_16-04-52

photo_2024-04-01_16-04-34 photo_2024-04-01_16-04-35 photo_2024-04-01_16-04-36 (2) photo_2024-04-01_16-04-36 photo_2024-04-01_16-04-39 photo_2024-04-01_16-04-42