ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៅតាមនាយកដ្ឋាននៃទីស្តីការក្រសួងសុខាភិបាល

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៅតាមនាយកដ្ឋាន នៃទីស្តីការក្រសួងសុខាភិបាល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ខាងមុខនេះ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានពិនិត្យមើលរបាយការណ៍វត្តមានតាមប្រព័ន្ធគ្រប់គ្រងវត្តមាន និងបានរំលឹកណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក សូមបំពេញភារកិច្ចការងារដែលបានកំណត់ និងចូលរួមអនុវត្តការស្កេនវត្តមានឱ្យបានទៀងទាត់។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ដែលបានបំពេញតួនាទី ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយបានលះបង់ ទាំងកម្លាំងកាយ កម្លាំងចិត្ត និងពេលវេលា ដើម្បីឱ្យវិស័យសុខាភិបាលរីកចំរើនទៅមុខ។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ស្នើសុំថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកទាំងអស់ ត្រូវចេះស្រឡាញ់រាប់អានគ្នា បន្តការខិតខំពង្រឹងវិន័យ សាមគ្គី និងឯកភាពផ្ទៃក្នុង ដើម្បីនាំមកនូវការរីកចំរើនថែមទៀតនៅក្នុងអង្គភាពរបស់ខ្លួន និងសូមជូនពរថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ខាងមុខនេះ សូមជួបតែសំណាងល្អ សម្រេចជោគជ័យគ្រប់ភារកិច្ចការងារ។

photo_2024-04-04_17-07-56 (2) photo_2024-04-04_17-07-56 photo_2024-04-04_17-07-57 (2) photo_2024-04-04_17-07-57 photo_2024-04-04_17-07-59 photo_2024-04-04_17-08-00 photo_2024-04-04_17-08-01 photo_2024-04-04_17-08-05 photo_2024-04-04_17-08-07