នៅថ្ងៃចន្ទ ៧រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមចុះពិនិត្យទីតាំងតម្រាយផ្លូវទឹកគម្រោងព្រែកជីកហ្វូណនតេជោ តាមរយៈផ្លូវទឹក ដោយឆ្លងកាត់ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ចុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការពិសេស ដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ។
គោលបំណងនៃការចុះពិនិត្យទីតាំងតម្រាយផ្លូវទឹកគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” ដើម្បីស្វែងយល់អំពីភូមិសាស្ត្រផ្លូវទឹកដែលមានតាំងពីសម័យហ្វូណនមក ក៏ដូចជាស្វែងយល់អំពីតម្រាយ ផ្លូវទឹកគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្ត្ររបស់កម្ពុជា។
គណៈប្រតិភូបានចុះពិនិត្យទីតាំងតម្រាយផ្លូវទឹកដោយជិះកាណូត-អូប័រ ចាប់ពីព្រែកតាហ៊ីង នៃស្រុកកោះធំ ខេត្តកណ្តាល ទៅទីរួមស្រុកអង្គរបូរី ខេត្តតាកែវ ដោយឆ្លងកាត់តាមព្រែកតាហ៊ីង ព្រែកក្បាលខ្មោច និងស្ទឹងអង្គរបូរី រួចបន្ដទៅស្ទឹងអូរកែវ រហូតដល់ព្រំប្រទល់កម្ពុជា-វៀតណាម។ បន្ទាប់មកទៀតគណៈប្រតិភូបានបន្តដំណើរពីទីរួមស្រុកអង្គរបូរីទៅក្រុងដូនកែវនៃទីរួមខេត្តតាកែវ តាមប្រឡាយ១៥ និងបន្តដំណើរពិនិត្យទីតាំងគ្រោងសាងសង់សន្ទះ ផ្លូវទឹក នៅត្រង់ទំនប់អូរពុំ ខេត្តតាកែវ ដែលទ្វារទឹកនេះ ជាផ្នែកមួយក្នុងចំណោមទ្វារទឹកចំនួន៣។
ក្នុងដំណើរចុះពិនិត្យនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក្នុងនាមក្រសួងសុខាភិបាល បានឆ្លៀតពិនិត្យមើលមូលដ្ឋានសុខាភិបាលសាធារណៈ ដែលស្ថិតតាមខ្សែបណ្តោយនៃដំណើរការសាងសង់គម្រោងព្រែកជីកហ្វូណនតេជោនេះ ដើម្បីត្រៀមលក្ខណៈគ្រប់ពេលវេលាចូលរួមគាំទ្រផ្នែកវេជ្ជសាស្រ្ត ក្នុងការថែទាំសុខភាពជូនដល់បងប្អូនដែលរស់នៅជុំវិញតំបន់នោះ និងជាពិសេសដល់បងប្អូនដែលបម្រើការងារក្នុងដំណើរការព្រែកជីកហ្វូណនតេជោ។