ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធី បរិច្ចាគឈាម ក្រោមប្រធានបទ “ចែករំលែកជីវិត គឺបរិច្ចាគឈាមទាំងអស់គ្នា”

នាព្រឹកថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (ស.វ.ស) បានរៀបចំពិធីបរិច្ចាគឈាម ដោយមានកិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងក្រុមហ៊ុនទឹកពិសាវីតាល់ ព្រមទាំងមានការចូលរួមពីដៃគូផ្សេងទៀតដូចជា កាកបាទក្រហមកម្ពុជា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសុខាភិបាល។ ពិធីបរិច្ចាគឈាមឆ្នាំនេះរៀបចំឡើងក្រោមប្រធានបទ “ចែករំលែកជីវិត គឺបរិច្ចាគឈាមទាំងអស់គ្នា” នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ទីតាំងទី២។ ការប្រារព្ធពិធីនាថ្ងៃនេះជាលើកទី១៧ គិតចាប់ពីឆ្នាំ២០០៩ ដែលសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលបានរៀបចំឡើងក្នុងគោលបំណងបំផុសចលនាស្ម័គ្រចិត្ត ផ្តល់អំណោយឈាមប្រកបដោយទឹកចិត្តមនុស្សធម៌ និងមិនគិតកម្រៃ ដើម្បីចូលរួមចំណែកបំពេញតម្រូវការឈាមជួយដល់ជីវិតអ្នកជំងឺដែលកំពុងត្រូវការឈាមជាចាំបាច់នៅតាមមន្ទីរពេទ្យនានានៃព្រះរាជាណាចក្រកម្ពុជា។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល លោកជំទាវអគ្គលេខាធិការកាកបាទក្រហមកម្ពុជា លោកជំទាវនាយិកា ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) លោកប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំតំណាងក្លឹបនៃក្តីស្រលាញ់នៃសហភាពសហព័ន្ធយុវជនកម្ពុជា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ព្រមទាំងសាស្រ្តាចារ្យ-បុគ្គលិក និស្សិត និងអ្នកស្ម័គ្រចិត្តផ្តល់អំណោយឈាម។
ក្នុងពិធីបរិច្ចាគឈាមនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្រោមការសហការជាមួយដៃគូនានាក្នុងរយៈពេលមួយថ្ងៃពេញនេះ គ្រោងទទួលបានអ្នកស្ម័គ្រចិត្តផ្តល់អំណោយឈាមសរុបប្រមាណជាង ៤០០នាក់។ គួររំលឹកផងដែរ គិតចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០២២ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានរៀបចំពិធីបរិច្ចាគឈាមដោយមានអ្នកបរិច្ចាគឈាមសរុបចំនួន ៤.១០៣នាក់ ក្នុងនោះស្រ្តីមានចំនួន ២.០៣៨នាក់។

photo_2023-08-16_08-45-44 photo_2023-10-11_14-06-17 photo_2023-10-11_14-07-18 photo_2023-10-11_14-07-21 (2) photo_2023-10-11_14-07-21 photo_2023-10-11_14-07-22 photo_2023-10-11_14-07-23